ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ប្រកបរបរលក់ទឹកកកមិនសូវ​កាក់កប​បែកគំនិតលក់ថ្នាំញៀន​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​

ចែករំលែក៖

   ខេត្តព្រះសីហនុ៖ បុរសម្នាក់​ប្រកបរបរលក់ទឹកកក​ ហើយទំនងជាមិនសូវ​កាក់កប​ទើបបែកគំនិតរកស៉ីលក់ថ្នាំញៀន​ វិញត្រូវ​កម្លាំង​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​រួម​នឹង​គ្រឿង​ញៀន​ជាច្រើន​កញ្ចប់​ផង។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ដែលបានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ 

   ជនសង័្សយមាន​ឈ្មោះ​ តុប វណ្ណារិទ្ឋ ហៅអាទឹកកក ភេទប្រុស អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ មុខរបរលក់ទឹកកកនៅផ្សារតារាសំណាង មានទីលំនៅបច្ចុប្បន្នក្រុមទី២៣ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

   យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​បានឱ្យដឹងថា​ គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង​១៤​និង៣០នាទីរសៀលថ្ងៃ​​ទី​១០ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​នៅចំណុចច្រកផ្លូវចូលក្បាលឆាយ ស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

   ក្រោយ​ឃាត់ខ្លួនសមត្ថកិច្ចជំនាញចាប់យកវត្ថុតាងរួមមាន​៖​ ម្សៅក្រាមពណ៌សថ្លា​ ចំនួន២៩កញ្ចប់តូច ទម្ងន់ស្មើនឹង ៤.៨៩ក្រាម,ទូរស័ព្ទ​ដៃ០១គ្រឿង​, ដបជក់ ០១, ខ្សៀជក់០១, ដែកកេះ០៤, កន្ត្រៃ ០១។

   បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖