ព័ត៌មានទាន់ហេតុការណ៍៖

ល្បីថា ក្រុមហ៊ុនស៊ីងបាយអូថេក ប្រមូលទិញឈើចេញពីតំបន់ព្រៃឡង់ ខេត្តក្រចេះ តាមរយៈមេនគរបាលសេដ្ឋកិច្ចក្រសួង លោក អ៊ុំ វណ្ណា ត្រួសត្រាយផ្លូវ ?

ចែករំលែក៖

ខេត្តក្រចេះ ៖ ប្រសិនបើក្រុមហ៊ុនស៊ីងបាយអូថេក ប្រមូលទិញឈើចេញពីតំបន់ព្រៃឡង់ ខេត្តក្រចេះមែននោះ គឺជាបទល្មើសបំផ្លាញព្រៃឈើ ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់ ហើយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ មានតួនាទីបង្ក្រាប ក៏ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ នូវតម្រុយនេះប្រយោជន៍ការពារ ធនធានធម្មជាតិ សត្វព្រៃ ដែលកំពុងរងនូវការបំផ្លាញ បាត់បង់ ដោយក្រុមជនទុច្ចរិត ដើម្បីចូលរួម ការពារសម្រាប់ផលប្រយោជន៍ជាតិជាធំ។ 

ប្រភពខ្លះបាននិយាយតៗគ្នា ជាមួយប្រព័ន្ធផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម facebook ផងដែរ ក៏បានបញ្ចេញមតិរិះគន់ បង្ហាញអត្តសញ្ញាណឈ្មួញ សមត្ថកិច្ចពាក់ព័ន្ធ គ្រាន់តែមិនដឹងថា, ធាតុពិតចំពោះអាជ្ញាធរ សមត្ថកិច្ច ជំនាញ បាន ស៊ើបអង្កេតស្រាវជ្រាវទទួលលទ្ធផលយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ ។ គេបានបង្ហោះប្រសេកប្រសាចថា, មានក្រុមឈ្មួញឈើប្រើគោយន្តកន្ត្រៃរាប់រយគ្រឿង កំពុងកាប់ឈើ និងអារឈើ ដឹកចេញពីតំបន់ព្រៃឡង់ ចូលមកតាមផ្លូវត្រង់ក្រវ៉ាត់ ក្នុងដីក្រុមហ៊ុន ត្រង់និយាមកា 48P 0595836 UTM 1431190 ដោយជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក ពួកគេធ្វើសកម្មភាពយ៉ាងរលូនគ្មានទាក់អីបន្តិច..!  សង្ស័យការដឹកជញ្ជូននេះ មានសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធយោគយល់ ឬចូលរួម ?  ។ បើដូច្នេះមែន ត្រូវស្រាវរកអោយឃើញមេខ្លោង អ្នកប្រមូលទិញ និងអ្នកពាក់ព័ន្ធ ព្រោះមានតម្រុយជាកម្មវត្ថុ អាចជាទុនស្រាវជ្រាវ បានមួយជំហាន។ 

គេក៏បានលើកឡើងថា, គឺមានប្រជាពលរដ្ឋក៏បានបង្ហាញផ្លូវ និងទីតាំងដែលក្រុមប្រើគោយន្តរាប់សិបគ្រឿងកំពុងធ្វើសកម្មភាពកាប់ឈើឈ្លីកដឹកចេញពីតំបន់ព្រៃឡង់នោះដែរ។  ជាក់ស្ដែង នៅថ្ងៃទី២៦ ខែមករា និងនៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅនេះ ។ ដោយឡែក មានក្រុមការងារ អ្នកសារព័ត៌មានខ្លះ ក៏បានជួបប្រទះគោយន្តកន្ត្រៃដឹកឈើឈ្លីក(ឃ្លុម)ជាបន្តបន្ទាប់ រាប់សិបគ្រឿង នៅចំណុចនិយាមកា 48P 592218 UTM1430366 និងចំណុច48P 594143 UTM1429657 ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

អ្នកសារព័ត៌មានសួរ, បើតាមម្ចាស់គោយន្តកន្ត្រៃដឹកឈើនោះ បានអះអាងថា ដឹកលក់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក តម្លៃក្នុងមួយម៉ែត្រគូប១០០ដុល្លា (ស្មើ៤០ម៉ឺនរៀល) គោយន្តកន្ត្រៃដឹកឈើថ្ងៃនេះមានជាង៣០គ្រឿង ហើយបើតាមសេចក្ដីរាយការណ៍ក្នុងនោះមានគោយន្តដឹកឈើទាំងអស់សរុបប្រមាណជាង៣៥០គ្រឿងឯណោះ។ សូមបញ្ជាក់ថា, បើមានទ្រង់ទ្រាយធំយ៉ាងនេះទៅហើយ បទល្មើសព្រៃឈើ ប្រហែលជាបិទ ឬលាក់មិនជិតទេ ចុះហេតុអី ការបង្ក្រាប ការទប់ស្កាត់ធ្វើដោយអន្លើ ឬធ្វើមានកម្រិត ហើយមិនបង្ក្រាបជាដើម ។ 

 តាមសេចក្ដីរាយការណ៍ បញ្ជាក់ថា ក្រោយមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយពាក់ព័ន្ធ ថាមានមនុស្សរបស់ក្រុមហ៊ុនស៊ីងបាយអូថេក បានកៀងគរប្រជាពលរដ្ឋកាន់រណាយន្ត និងគោយន្តកន្ត្រៃ បន្តលូចចូលទៅកាប់ឈើ និងអារឈើក្នុងតំបន់ព្រៃឡង់ ដឹកចូលលក់ឲ្យក្រុមហ៊ុននោះ។ បន្ទាប់មកនៅថ្ងៃទី១៩ និងទី២០ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គេសង្កេតឃើញមានសមត្ថកិច្ចកងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចក្រសួងក្រសួងបរិស្ថាន បានចុះមកធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការបង្ក្រាប ប៉ុន្តែក្រុមជនល្មើសហាក់ដឹងខ្លួនមុន ឬមានអ្នករាយការណ៍ប្រាប់មុន រយៈពេលពីរថ្ងៃមុន ទើបពួកគេនាំគ្នាបើកគោយន្តប្រមាណជាង៣៥០គ្រឿងចេញមកក្រៅអស់ យ៉ាងសុវត្ថិភាព ខណះសមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ អោយសម្រាកបណ្តោះអាសន្ន ជៀសវាងបែកការណ៍ ។ ចំណុចនេះ ទើបមានការិះគន់ថា សមត្ថកិច្ចចុះមកបានត្រឹមតែត្រួតពិនិត្យមើលដាន ឬបង្ក្រាបដានតែប៉ុណ្ណោះ ហើយសកម្មភាពបទល្មើស មានសភាពស្ងប់ស្ងាត់តែរយៈពេល ៤ ទៅ ៥ ថ្ងៃតែប៉ុណ្ណោះ ក៏ចាប់ផ្ដើមកម្រើកឡើងវិញបន្តសកម្មភាពយ៉ាងរលូន ដដែល ដូច្នេះសូមសមត្ថកិច្ចខាងលើចុះស្រាវជ្រាវផង។ បើតាមប្រភពពីប្រជាពលរដ្ឋអះអាងថា គោយន្តកន្ត្រៃចាប់ផ្ដើមធ្វើសកម្មភាព ចូលទៅក្នុងព្រៃកាប់ឈើយ៉ាងគគ្រឹកគគ្រេងចាប់តាំងពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៦ និងទី៧ ខែកុម្ភ: ឆ្នាំ២០២២នេះ ក្រុមការងារព័ត៌មានបានបន្ត ចុះថតរូបភាពជាក់ស្ដែងធ្វើការផ្សព្វផ្សាយ ក្នុងន័យដើម្បីស្ថាបនា និងជាតម្រុយខ្លះៗដើម្បីអោយ សមត្ថកិច្ច អាជ្ញាធរ ជំនាញ ។ 

យោងតាមបណ្ដាញព័ត៌មានក្នុងស្រុក មួយចំនួនកន្លងទៅថ្មីៗនេះ ចុះផ្សាយបែកធ្លាយ​រឿងមេខ្លោងឧក្រិដ្ឋកម្មព្រៃឈើដ៏ធំៗលោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា​ មានតួនាទីជាអនុប្រធាន​នាយកដ្ឋាន​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមបេសកកម្មដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្រ្លាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិទៀតផង និងជាមេកញ្ច្រែង ឬជាអ្នកបោះមេ នៅពីក្រោយខ្នង ចាត់តាំងមន្រ្តីក្រោមឱវាទរបស់ខ្លួន និងរៀបចំដាក់មនុស្សរបស់ខ្លួនឈរ ទិញឈើ និងកៀងគរប្រជាពលរដ្ឋកាន់រណាយន្ត ចូលទៅក្នុងព្រៃកាប់ឈើ និងអារឈើ ដឹកលក់ធ្វើអាជីវកម្មជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក ។

គេខ្សឹបថា លោកឧត្តមសេនីយ៍ទោរូបនោះ នៅពីក្រោយមេឈើឈ្មោះ នា មុំ ( ជាថៅកែដេប៉ូឈើដ៏ធំនៅម្តុំព្រែកតាម៉ាក់ និងត្រូវជាម្តាយក្មេករបស់ឈ្មោះ ឡា រហ័សនាម៩៩) បន្ទាប់ពីដាក់ឱ្យកូនចៅឈ្មោះធី និងឈ្មោះឡុង បានដាក់មនុស្សឱ្យឈរ ប្រព្រឹត្តបទល្មើសព្រៃឈើ ឈ្មោះ ហេង សុខជា ហៅ ជា សណ្តាន់ ឈ្មោះ ភាជ សុផាត និងឈ្មោះវុធ មេសន្តិសុខធំក្នុងក្រុមហ៊ុន បន្ទាប់ពីឈ្មោះ សាយ ប្រាំង ត្រូវជាកូនចៅជំនិតរបស់ មេប៉ូលិស អ៊ុំ វណ្ណា រូបនោះ។ ទោះជាមានការលើកឡើងបែបនេះក៏ដោយ ក៏អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មិនអាចសុំការបកស្រាយពីលោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា​ មានតួនាទីជាអនុប្រធាន​នាយកដ្ឋាន​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមបេសកកម្មដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ បាន ដោយទូរស័ព្ទចូល អាចស្ថិតក្នុងតំបន់សេវាខ្សោយ និយាយស្តាប់គ្នាមិនបាន រួចក៏ខលទូរស័ព្ទលែងចូលតែម្តង។ 

សូមបញ្ជាក់ថា, ក្រុមឈ្មួញជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក បច្ចុប្បន្ននេះ បានដូរសមាសភាពមនុស្សថ្មី ដោយឱ្យមេឈ្មួញឈើស្ត្រីឈ្មោះ ឡេង ធារ៉ា បន្តអាជីព និងសកម្មភាពកេណ្ឌប្រជាពលរដ្ឋកាន់រណាយន្ត និងគោយន្តកន្ត្រៃ លួចកាប់ឈើចេញពីតំបន់ព្រៃឡង់ ធ្វើអាជីវកម្មខុសច្បាប់ នៅតែបន្តកើតមានយ៉ាងអាណាធិបតេយ្យ ។

ពាក់ព័ន្ធករណីនេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន” នគរវត្ត” លោកបានមានប្រសាសន៍ថា, ( ខ្ញុំហាក់ដូចមិនទាន់បានបានទទួលព័ត៌មាន និងក្តោបជុំបញ្ហាទាំងអស់នេះនៅឡើយទេ ខណៈពីរបីថ្ងៃនេះខ្ញុំជាប់រវល់ច្រើនចំពោះការងារនៅឯខេត្ត, ដូច្នេះប្រសិនបើអ្នកសារពត៌មាន បានទទួលដំណឹង ក៏ដូចជាបាន ថតរូបនូវសកម្មភាពទាំងនោះបាន ជួយបញ្ជាក់អំពីទីតាំង ពេលវេលា ផ្ញើរមកផង ដើម្បីចូលរួមសហការគ្នា ស្រាវជ្រាវឈានដល់ការបង្ក្រាប ) លោកអភិបាលខេត្តបន្តថា, ខ្ញុំអរគុណចំពោះកាលសួរសំណួរទាំងនេះ ពីព្រោះខ្ញុំមិនឲ្យមានបទល្មើសព្រៃឈើដាច់ខាត។ 

សូមរំលឹកផងដែរថា, ប្រសិនបើ លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា​ មានតួនាទីជាអនុប្រធាន​នាយកដ្ឋាន​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមបេសកកម្មដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ពិតជាបានប្រព្រឹត្តបទល្មើសដូចការលើកឡើងខាងលើនេះ ជាអំពើខុសច្បាប់ដ៏ធ្ងន់ធ្ងរក្នុងស្ថានទម្ងន់ទោស ខណៈគាត់មានតួនាទីជាអ្នកបង្ក្រាប ហើយការពារក្រុមឈ្មួញឈើទាំងនោះ ។ ករណីដោយឡែកមួយទៀត នៅឯស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា​ មានតួនាទីជាអនុប្រធាន​នាយកដ្ឋាន​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមបេសកកម្មដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ បានឲ្យកូនចៅរបស់ខ្លួនឈ្មោះ ជំនិត ដាក់កុងត្រូលជជុះជិតកន្លែង ស្នាក់ការដែនជម្រកសត្វបរិស្ថាន ចាំរាប់ក្បាលឡានយកលុយរាល់យប់ រាប់ឆ្នាំមកហើយ។

សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា​ មានតួនាទីជាអនុប្រធាន​នាយកដ្ឋាន​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមបេសកកម្មដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ នៅវេលាម៉ោង១១និង២២នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈដដែលនេះ គាត់ក៏បានខលមកកាន់ ទីប្រឹក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ដោយបញ្ជាក់ថា, ខ្ញុំមិនបានពាក់ព័ន្ធក្នុងរឿងហ្នឹង ក៏ដូចជា , ជាមួយក្រុមហ៊ុននោះទេ ..ខ្ញុំក៏បានឆ្លើយបំភ្លឺជូនអគ្គស្នងការនគរបាលជាតិផងដែរបន្ទាប់ពីមានការចុះផ្សាយកន្លងមក ។ លោកបន្តថា, ខ្ញុំមិនបានទៅបំពេញការងារនៅទីនោះទេ យ៉ាងច្រើនក្នុងដប់ថ្ងៃ បានទៅត្រឹម ២ថ្ងៃ , ហើយពេលទៅនោះទៀតសោតលុះត្រាណាតែខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសហៅ , ពេលទៅនោះក៏មិនបានពាក់ព័ន្ធជាមួយនឹងការយកលុយកាស មានតែទៅចាប់ជនល្មើសតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា, កន្លែងក្រុមហ៊ុននោះគឺមានខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំការនៅទីនោះហើយ ប្រសិនបើខ្ញុំជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ណានោះប្រហែលជាគេចាប់វៃខ្នោះខ្ញុំបាត់ហើយ ។

សូមជម្រាបជូនផងដែរថា, ព័ត៌មានខាងលើនេះត្រូវបានបណ្ដាញទំនាក់ទំនងសង្គមផ្សាយយ៉ាងព្រោងព្រាត គួរតែសមត្ថកិច្ចដែលមានតួនាទីបង្ក្រាបចុះទៅស៊ើបអង្កេតស្រាវជ្រាវដើម្បីស្វែងរកការពិត ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពមជ្ឈមណ្ឌលសារព៌ត៍មាន” នគរវត្ត “មិនអាចធ្វើការទំនាក់ទំនងបានទេនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២២ ដោយទូរស័ព្ទលើក្រៅតំបន់សេវា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖