ខេត្តរតនគិរី៖ បេីយោងតាមប្រភពព័ត៌មានពីកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរយ៉ាដាវ ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីរាជការ អង្កភាពជុំវិញស្រុក យុវជនកាកបាទក្រហម សប្បុរសជន និងប្រជាជនជាច្រើនរូប។
យោងតាមរបាយការណ៍លោក ម៉ា វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឲ្យដឹងថា អគារស្នាក់ការអនុសាខានេះមានទីតាំងនៅភូមិ ប្លង់ ឃុំ ប៉ាតេ ស្រុកអូយ៉ាដាវ មានទំហំ ៦ម៉ែត្រ គុណនិង ១២.៥ ម៉ែត្រ មានបន្ទប់ធ្វើការ១ សាលប្រជុំ១ និងបន្ទប់ទឹក១ខ្នង បានដំណើរការសាងសង់ជាដំណាក់កាលបន្តបន្ទាប់អស់រយៈពេល ៨ ខែ ២៦ថ្ងៃ រហូតរួចជាស្ថាពរ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២១ ដោយចំណាយថវិការអស់ប្រមាណ ១៥,៨៦០.០០ ដុល្លារ ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ពុកម៉ែបងប្អូនទាំងអស់ក្នុងអង្គពិធី និងបានលើកឡើងថា ជាការពិតណាស់ថាប្រទេសជាតិយើង មានសុខសន្តិភាព និងកំពុងឈានឆ្ពោះទៅរកភាពរីកចម្រើនលើគ្រប់វិស័យតាមចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា។ តែយ៉ាងណា យើងក៏នៅមានប្រជាជនមួយចំនួននៅតែប្រឈមនឹងភាពងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការជួយសង្រ្គោះភ្លាមៗឲ្យទាន់ពេលវេលា។ ហេតុនេះហើយទើបកាកបាទក្រហមកម្ពុជា បានបង្កើតឲ្យមានរចនាសម័្ពន្ធតាំងពីថ្នាក់ខេត្ត រហូតដល់ ក្រុងស្រុក ឃុំសង្កាត់ និងអ្នកស្ម័គ្រចិត្តគ្រប់ភូមិ ដើម្បីត្រៀមប្រមូលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ សម្រាប់ជួយពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។ ជាក់ស្តែង នៅថ្ងៃនេះយើងបានសម្ពោធអាគាអនុសាខាស្រុកអូរយ៉ាដាវ ដើម្បីបង្ករភាពងាយស្រួលដល់គណៈកម្មាធិការអនុសាខាស្រុក បានបម្រើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋផងដែរ។
ជាមួយនឹងការលើកឡើងបែបនេះ លោក ញ៉ែម សំអឿន ក៏បានបញ្ជាក់ដែរថា កាកបាទក្រហម គឺមានប្រភពចំណូលពីសប្បុរសជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា និង រាត្រីសមោសរ ជាដើម មានន័យថាសកម្មភាពទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណា មានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ពីសំណាក់ មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករ ប្រជាពលរដ្ឋ មានការចែករលែក ជាមួយកាកបាទក្រហមទើបកាកបាទក្រហមអាចជួយប្រជាពលរដ្ឋងាយរងគ្រោះនានាបាន។ បន្ថែមពីនេះ លោកបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកទាំងអស់បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ។
ក្នុងពិធីនោះដែរ សាខាបានចែកជូនអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ចាស់ជរា កុមារកំព្រា ជនពិការងាយរងគ្រោះបំផុត ចំនួន ៥០ គ្រួសារ មកពី៤ឃុំ(ឃុំ ប៉ាតេ លំជ័រ សោមធំ យ៉ាងទុង) ក្នុងស្រុកអូរយ៉ាដាវ ដែលក្នុង១ គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ម៉ាស់២ សាប៊ូ២ដុំ ជែលលាងដៃ១ដប និងថវិកាមួយចំនួនផងដែរ៕
ដោយ៖សហការី