ភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃដែលគេដាក់សាកថ្មនៅក្នុងបន្ទប់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នួន អូន អាយុ៤២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលត្រង់ចំណុចកើតហេតុ។ ចំណែកនារីជាម្ចាស់ទូរស័ព្ទមានឈ្មោះខាន់ ម៉ាលីន អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ ។
តាមសម្ដីនារីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានសាកថ្មទូរស័ព្ទម៉ាកI Phone 11Pro Max នៅក្នុងបន្ទប់ ហើយបានបើកទ្វារចោលក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកចេញទៅធ្វើការ ។ ពេលដែលចេញពីបន្ទប់ទឹកវិញស្រាប់តែបាត់ទូរស័ព្ទ ពេលនោះរូបគាត់ក៏បានខ្ចីទូរស័ព្ទបងស្រីម្នាក់ទៀតខលទៅក៏ឮសំឡេងនៅក្នុងបន្ទប់ជួលរបស់ស្ត្រីជាជនសង្ស័យ ទេីបប្រាប់បងប្អូនក្បែរបន្ទប់ជួលឱ្យជួយឃាត់ស្ត្រីជាជនសង្ស័យមិនឱ្យចេញពីបន្ទប់ ហើយក៏មករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីចុះទៅនាំខ្លួនស្ត្រីជាជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា រូបគាត់ពិតជាបានយកទូរស័ព្ទដៃរបស់នារីរងគ្រោះប្រាកដមែន ដោយសារតែឃើញនារីរងគ្រោះដាក់សាកថ្មចោលហើយមិនមានមនុស្សនៅ ទេីបខ្លួនបានចូលទៅយកទូរស័ព្ទទុកនៅក្នុងបន្ទប់របស់ខ្លួនតែម្ដង ។
បច្ចុប្បន្ននេះ ស្ត្រីជាជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ