ខេត្តស្ទឹងត្រែង៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗគួរឱ្យអាណោចអាធ័មជាពន់ពេក បណ្តាលមកពីជិះម៉ូតូមិនប្រយ័ត្នទៅបុកគ្នាជាមួយរថយន្តកែច្នៃយ៉ាងពេញទំហឹង ខណ:ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា។ ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៧៖១៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៩ ត្រង់ចំណុចមុខសាលាបឋមសិក្សាត្នោតថ្មី ក្នុងភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មាននៅកើតហេតុបានឱ្យដឹងថា ម៉ូតូម៉ាកវ៉េវ RSX ពណ៌ប្រផេះគ្មានស្លាកលេខ បើកបរដោយបុរសរងគ្រោះពីកើតទៅលិច ចំណែករថយន្តកែច្នៃបើកបរ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានរេចង្កូតទៅចូលគន្លងផ្លូវរថយន្តកែច្នៃបុកគាបជាប់នៅក្រោមរថយន្តតែម្តង ធ្វើឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូខ្ទាតទៅម្ខាងស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្តពេលឃើញហេតុការណ៍
ដូច្នេះក៏បានបើកទ្វាររថយន្តលោតចុះ រត់គេចខ្លួនបាត់ស្រមោលទៅ បន្សល់តែជនរងគ្រោះ រថយន្តបង្កនិងម៉ូតូនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍សំអាង និងនគរបាលចរាចរណ៍ផ្លូវគោកបានមកដល់ ហើយធ្វើការពិនិត្យនិងវាស់វែងរួចប្រគល់សាកសពជនរងគ្រោះទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ចំណែករថយន្តនិងម៉ូតូជនរងគ្រោះសមត្ថកិច្ចក៏បានដឹកយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំអាង ដើម្បីបន្តស្រាវជ្រាវរកម្ចាស់រថយន្តកែច្នៃខាងលើចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ មាស សុផាត