ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់និងជូញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន៦កញ្ចប់

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធករណី ប្រើប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងសារធាតុញៀន៦កញ្ចប់ រួមនិងសម្ភារសម្រាប់សេពគ្រឿងញៀន កាលពីវេលាម៉ោង១៦៖០០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ យិនចំណាន ស្នងការនគរបាលខេត្តរតនគិរី នឹងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន  ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួល នីតិវិធីដោយលោកកែវ ភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត  បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង នៅចំណុចភូមិឃុំខាងលើ រកឃើញនូវសារធាតុញៀន៦កញ្ចប់ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់។ 

នេះតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ គីន កែវ ភេទប្រុស អាយុ  ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

២.ឈ្មោះ ស្រ៊ុន គន្ធា ភេទប្រុស អាយុ  ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

៣.ឈ្មោះ នួន ស្រីនាត ភេទស្រី អាយុ  ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

ជនសង្ស័យខាងលើ ត្រូវបានតេស្តរកសារធាតុញៀនជាលទ្ធផល វិជ្ជមានទាំង០៣នាក់។ 

សូមបញ្ជាក់ផងដែរថា វត្ថុតាងដកហូតបានរួមមាន ៖

១. ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៦កញ្ចប់

២. ម៉ូតូ០១គ្រឿង

៣. ទូរស័ព្ទដៃ០២គ្រឿង

៤. សម្ភារបម្រើអោយការសេពនូវសារធាតុញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ មាស សុផាត


ចែករំលែក៖