(តពីលេខមុន)
* របៀបបរិភោគអាហារ :
កាលបើអ្នកផ្ទះរៀបក្រយាហារសព្វគ្រប់ហើយ ភ្ញៀវត្រូវរៀបចំខ្លួនប្រាណឲ្យបានស្រួលបួលនឹងពិសាក្រយា។ ត្រូវយកសមស្លាបព្រាចេញពីក្នុងចានបាយមគងជាប់នៅមាត់ចាន ចាំទទួលបាយដែលអ្នកបម្រើយកមកជូន។ ស្លាបព្រាត្រូវគងលើមាត់ចានខាងស្ដាំដៃ។ សមត្រូវគងលើមាត់ចានខាងឆ្វេង តែបើអ្នកបម្រើពុំទាន់បានយកបាយមកជូន ភ្ញៀវនឹងពិសាក្រយាលេងបណ្ដើរៗសិនក៏ស្រួលដែរ។ បើអង្គុយរាបមិនត្រូវអង្គុយច្រត់ដៃផ្ទៀងត្រចៀកឡើយ ព្រោះជាការនាំឲ្យរំខានដល់អ្នកអង្គុយជិតខាងគ្នា។
កិរិយាដែលនឹងបរិភាគអាហារក្នុងឱកាសធំក្តី តូចក្តី ក្នុងវង់នេះលោកអ្នកទាំងឡាយគប្បីអញ្ជើញលោកអ្នកដែលចាស់ជាងគេ ឬដែលមានយសខ្ពស់ជាងគេឲ្យពិសាមុនមួយម៉ាត់ទៅ ទើបយើងរាល់គ្នាបរិភោគជាលំដាប់មក។
ដំណើរបរិភោគអាហារក្នុងទីប្រជុំនេះ ត្រូវប្រើឫកឲ្យសមរម្យដោយសុភាពរៀបរយមិនកញ្ឆក់កញ្ឆែង ច្រងេងច្រងាង ទើសគេទើសឯង ដែលលើកចិត្ត។ មិនត្រូវរឡឹបរឡប់ក្រខ្លេកក្រខ្លាកទាល់តែកើតមានសេចក្តីមិនស្អាតឲ្យខ្ពើមរអើមឲ្យគេធុញទ្រាន់ឡើយ។
* លក្ខណៈដែលនឹងបរិភោគអោយល្អ÷
១- ដៃដែលកាន់ស្លាបព្រា គេត្រូវ កាន់ផ្ងារបាតដៃ ទំនងដូចជាកាន់ដងប៉ាកា គេមិនផ្កាប់ដៃឬក្តាប់ដៃទេ។
២- កិរិយានឹងដួសចាប់យកម្ហូបមកដាក់ក្នុងមាត់ គេពុំសូវដួសឲ្យទាល់តែពេញស្លាបព្រា ទាល់តែហូរហៀស្រក់សស្រាក់ប្រឡាក់កម្រាលតុនោះឡើយ។
៣- នឹងដាក់ហូបចំណីទៅក្នុងមាត់ គេពុំហារមាត់ឲ្យធំពេកទេ គេពុងលៀនអណ្ដាតទទួលអាហារទេ គេពុំងើបក្បាលហើយបានហារមាត់ទទួលអាហារទេគឺ កុំឱនពេកពុំងើបពេក ធ្មេញសោតទៀតក៏មិនត្រូវឱ្យប៉ះនឹងស្លាបព្រាទាល់តែឮសូរឡើយ។
៤- អាហារគឺបាយនិងម្ហូបដែលរាប់ថាមួយម៉ាត់ៗនោះ ពុំមែនញាត់ឱ្យទាល់តែពេញៗមាត់ ប៉ោងថ្ពាល់ទាំងសងខាងនោះឡើយ។
៥- ពុំទាន់ទំពារលេបអស់មួយម៉ាត់ គេពុំត្រូវដាក់បន្ថែមទៅទៀតទេ ។
៦- ដៃទាំងពីរដែលលើកដាក់ចុះឡើង គេបង្រួមកែងដៃឲ្យនៅតាមទំហំខ្លួន កុំឲ្យច្រងេងច្រងាងកូយដៃទើសនឹងដៃអ្នកអង្គុយជិតខាងទេ។
៧- អាហារដល់មាត់ហើយ គេមិនស្រូបអាហារឲ្យឮគ្រូកៗនោះទេ គេមិនទំពាឲ្យឮភ្ជប់ៗទេ។
៨- បាយដែលចូកនឹងស្លាបព្រា គេចូកឱ្យល្មម ឲ្យមូលត្រកូលក្នុងស្លាបព្រា កុំឲ្យលើកឡើងដាក់ក្នុងមាត់ហើយជ្រុះពីមាត់មកក្នុងចានវិញទេ។
៩- គេមិនយកម្ហូបណាមួយមុខដែលត្រូវមាត់ខ្លួនមកប្រឡាក់បាយដូចញាំ ឬស្រូបបាយដោយទឹកសម្លណាមួយមុខឡើយ។
១០- គេមិនចាប់រំលែកម្ហូបណាមួយមុខឱ្យបានច្រើន មកដាក់ក្នុងចានបាយខ្លួនទេ។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត