ខេត្តក្រចេះ ៖ ស្ដ្រីម្នាក់ស្លាប់និងបុរសម្នាក់រងរបួសធ្ងន់ក្នុងករណីឃាតកម្ម និងហិង្សាដោយចេតនាមួយបានកើតឡើងបណ្តាលមកពីភ្លើងប្រចណ្ឌប្រពន្ធខ្លួនជាមួយនិងក្មួយ។
ហេតុការណ៍ឃាតកម្មនិងហិង្សាកើតឡើងពីភ្លើងប្រចណ្ឌនោះបានកើតឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ត្រង់ចំណុចភូមិថ្មអណ្ដើកភូមិជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពបន្តថាជនសង្ស័យខាងលើមានឈ្មោះ មល់ មិន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវជាប្តីរបស់ជនរងគ្រោះឈ្មោះ វាត់ អ៊ិត ស្លា.ប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកជនរងគ្រោះម្នាក់ទៀត មានឈ្មោះ មល់ មាំង រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នាត្រូវជាក្មួយរបស់ជនសង្ស័យ។
ប្រភពពីសមសមត្ថកិច្ចបានឱ្យដឹងថាមុនកើតហេតុនៅវេលាម៉ោង១៩៖១៥នាទីយប់ជនរងគ្រោះជាក្មួយនោះបានដើរមកលេងផ្ទះជនសង្ស័យត្រូវជាឪពុកមាបង្កើត ។
ពេលនោះជនសង្ស័យក៏បបួលជនរងគ្រោះទៅផឹកស្រានៅលើយ៉រានហាលសម្រាប់អង្គុយលេងក្បែរផ្ទះនោះ។
ពេលនោះប្រពន្ធរបស់ជនសង្ស័យឈ្មោះ វាត់ អ៊ិត ក៏នៅទីនោះផងដែរលុះពេលផឹកស្រាបានបន្តិច ជនសង្ស័យក៏បាននិយាយប្រចណ្ឌប្រពន្ធខ្លួនជាមួយជនរងគ្រោះ តែត្រូវជនរងគ្រោះបដិសេធ។
ប៉ុន្តែជនសង្ស័យនៅតែនិយាយរឿងប្រចណ្ឌប្រពន្ធខ្លួនជាមួយក្មួយដដែលៗ និងនិយាយថា «ប្រុងវាយជនរងគ្រោះ» តែជនរងគ្រោះពុំបានចាប់អារម្មណ៍នោះទេ ដោយគិតថា ជាឪពុកមា និងក្មួយអាចជាការនិយាយលេងសើច។
មួយសន្ទុះក្រោយបន្តិចស្រាប់តែរំពេចនោះជនសង្ស័យក៏បានទាញយកអង្រែបុកគ្រឿងមកវាយទៅលើក្បាលជនរងគ្រោះ ជាក្មួយបណ្ដាលឱ្យបែកក្បាលជាច្រើនកន្លែងនិងសន្លប់នៅនឹងកន្លែងកើតហេតុតែម្តង។
ហើយជនសង្ស័យរូបនេះក៏បានបន្តមកវាយទៅលើប្រពន្ធខ្លួនឯងទៀតរហូតបណ្ដាលឱ្យដេកស្លាប់នៅក្បែរនោះទៀតតែម្តង។
ក្រោយពេលកើតហេតុ រហូតដល់ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២២ ទើបសមត្ថកិច្ចទទួលបានព័ត៌មានហើយជំនាញក៏បានចុះមកពិនិត្យដល់កន្លែងកើតហេតុភ្លាមដើម្បីស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំផងដែរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យក៏បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះ (មល់ មាំង) ពិតប្រាកដមែន ។
តែបានបដិសេធថាខ្លួនមិនបានវាយសម្លាប់ទៅលើប្រពន្ធខ្លួននោះទេ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីផងដែរ៕
ដោយ ៖ ជីវ័ន្ត