ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលចូលក្រោមរថយន្ត

ចែករំលែក៖

   ខេត្តកំពង់ស្ពឺ៖  បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈកំពុងជិះម៉ូតូតាមផ្លូវក៏ដួលចូលក្រោមរថយន្តធ្វើឱ្យរថយន្តកិន ដែលហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ខែកម្ភៈឆ្នាំ២០២២នៅត្រង់ចំណុចភូមិសាមគ្គី សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

   នគរបាលក្រុងច្បារមនបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះស៊ី បូរី ភេទប្រុស អាយុ២៥ឆ្នាំរស់នៅក្នុងភូមិចែងមែង សង្កាត់ចោមចៅ

ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1DO-1413បើកបរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបរម៉ូតូបានដួលហើយត្រូវរថយន្តមិនស្គាល់ម៉ាកនិងអត្តសញ្ញាណបើកកិនបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តងទៅ។

   ប្រភពបានបន្តទៀតថា រថយន្តដែលបានកិនជនរងគ្រោះនោះបើកពីកើតទៅលិច។ ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានប្រគល់សាកសពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូបានប្រគល់ជូនសាច់ញាតិ ហើយករណីខាងលើនេះសាច់ញាតិមិនមានការប្តឹងផ្តល់អ្វីឡើយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖