ភ្នំពេញ៖ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសូងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃចូលរួមក្នុងកិច្ចប្រជុំវេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅទីក្រុង Tokyo នៃប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈ Video Conference នៅទីស្តីការក្រសួងមហាផ្ទៃ ។ នេះបេីយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។
កិច្ចប្រជុំវេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុនជាលើកដំបូង ក្រោមកិច្ចសម្របសម្រួលពីអង្គការ UNODC ក្នុងគោលបំណងលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការស្តានីតិសម្បទា និងការថែទាំអ្នកទោស ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសជាវេទិកាដែលជួយសម្រួលឱ្យមន្រ្តីអនុវត្តច្បាប់ទាំងឡាយនៅក្នុងតំបន់បានជួបជុំគ្នា ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អជាមួយគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា វេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ មានការអញ្ជើញចូលរួមដោយគណៈប្រតិភូចំនួន ១៧១នាក់ មកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអាស៊ាន អង្គការ UNODC ក្នុងនោះមានប្រទេសកម្ពុជាយើង ដែលមានតំណាងមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃផងដែរ៕
ដោយ៖ស តារា