ព័ត៌មានទាន់ហេតុការណ៍៖

លោក Pep Guardiola ថា អនាគតរបស់ Sterling នៅ Man City នឹងត្រូវសម្រេចដោយក្លិប

ចែករំលែក៖

អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានសរសើរការរួមចំណែកដ៏សំខាន់របស់ខ្សែប្រយុទ្ធ Raheem Sterling នៅរដូវកាលនេះ ដោយនិយាយថាការសម្រេចចិត្តណាមួយលើអនាគតរបស់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះនឹងត្រូវធ្វើឡើងដោយក្លិប។

Sterling បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងជ័យជម្នះ ៤-០ ក្នុងក្របខ័ណ្ឌPremier League កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Norwich City ខណៈដែលក្រុម Man City បានបន្តការមិនស្គាល់ចាញ់របស់ពួកគេក្នុងការប្រកួតទាំងអស់ដល់១២ប្រកួត។

កីឡាករវ័យ២៧ឆ្នាំដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងរដូវកាលនេះជាមួយនឹង១០គ្រាប់ក្នុងលីគកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្លិបរហូតដល់ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែកីឡាកររូបនេះបាននិយាយកាលពីខែតុលាថា នឹងសុខចិត្តចាកចេញពីក្លិប ហើយចង់ផ្លាស់ទៅក្រៅប្រទេសវិញ។

លោក Guardiola បានប្រាប់គេហទំព័ររបស់ក្លិប Man City ថា “ខ្ញុំបានស្គាល់ Raheem អស់រយៈពេល៦រដូវកាល។ ខ្ញុំស្គាល់គាត់យ៉ាងច្បាស់ រដូវកាលនេះគាត់ពូកែស៊ុតបញ្ចូលទី និង Assists ព្រមទាំងការរួមចំណែករបស់គាត់ចំពោះក្រុម។ ប្រសិនបើយើងរាប់ចំនួនប្រកួតដែលគាត់បានលេងតាំងពីយើងនៅជាមួយគ្នា វាច្រើនណាស់។ គាត់ជាកីឡាករសំខាន់នៅពេលអនាគត ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ គឺក្លិបជាអ្នកសម្រេច។នៅពេលដែលក្លិបពង្រីកទំនាក់ទំនង ខ្ញុំផ្តល់យោបល់របស់ខ្ញុំ ប៉ុន្តែក្លិបទទួលយកការសម្រេចចិត្តរបស់ខ្លួនជានិច្ច” ។

ក្រុមមេឃខៀវ Man City កំពុង​ឈរ​កំពូល​តារាង​នៅលីគកំពូលអង់គ្លេស Premier League ​ដោយ​មាន​៦៣​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​២៥​លើក​មាន៩​ពិន្ទុ​លើសក្រុមលេខ២​ Liverpool ដែល​មាន១​ប្រកួត​ក្នុង​ដៃ។

ក្រុមរបស់លោក Guardiola នឹងប្រកួតក្រៅដីនៅឯកីឡដ្ឋានក្រុមSporting Lisbon ក្នុងជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)


ចែករំលែក៖