ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសជប៉ុន ៖ លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

ចែករំលែក៖

តូក្យូ៖ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យផងដែរ។ នេះបើយោងតាមប្រភព( GNtimes) ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ 

ការលើកឡើងបែបនេះក្នុងពេលដែលលោក HAYASHI Yoshimasa បានជួបជាមួយលោក ហ៊ុន ម៉ាណែត នៅទីស្តីការក្រសួងការបរទេសនៃប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញនេះ ។

លោករដ្ឋមន្ត្រីការបរទេស ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស័ក្ដិសមជាដៃគូយុទ្ធសាស្ត្រ ។ លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក រដ្ឋមន្ត្រី អំពីជំហរ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានអាស៊ានលើការដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ គឺធ្វើយ៉ាងណាបញ្ចៀសអំពើហិង្សា រៀបចំការផ្ដល់ជំនួយមនុស្សធម៌ និងការបើកច្រកសម្រាប់ការបំពេញភារកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ស្របតាមធម្មនុញ្ញអាស៊ាន និងចំណុចឯកច្ឆន្ទទាំង៥ របស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណាឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈភាព និងពង្រឹងសាមគ្គីភាព ។ លោក ក៏បានបញ្ជាក់បន្ថែមអំពីគំនិតផ្ដួចផ្តើមរបស់កម្ពុជាក្នុងការបង្កើតយន្តការ Troika (កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូណេស៊ី) ដើម្បីតាមដានបទឈប់បាញ់ និងវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆន្ទទាំង៥ របស់អាស៊ាន ។

ជាការឆ្លើយតប លោក រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាពិសេស បានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ដែលនេះគឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់ សម្តេច នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖