ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ ពិតជារីករាយដែលបានជួបជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា,  ពិតជារីករាយដែលបានជួបជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា, ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជំងឺកូវីដ-១៩ បានបង្កការបង្អាក់រំខានដល់ជំនួបរបស់យើងម្តងហើយម្តងទៀត។ យ៉ាងណាមិញ យើងនៅតែបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសយើង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា, ខ្ញុំក៏បានអបអរសាទរប្រទេសសិង្ហបុរីដែលបន្តនាំមុខគេជារដ្ឋាភិបាលទីក្រុងឆ្លាត ក្នុងចំណាត់ថ្នាក់កម្រិតសកល។ ហើយខ្ញុំសង្ឃឹមថា កត្តានេះក៏នឹងជំរុញឱ្យមានការជឿនលឿននៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមឌីជីថលក្នុងប្រទេសជាសមាជិកអាស៊ានផងដែរ។

លោកថា, ខ្ញុំសង្ឃឹមថា , លោកបណ្ឌិត និងគណៈប្រតិភូទាំងអស់ពេញចិត្តអាហារថ្ងៃត្រង់ដែលយើងបានរៀបចំជូន និងការស្នាក់នៅក្នុងរាជធានីភ្នំពេញរហូតដល់ពេលចប់បេសកកម្ម៕

ដោយ ៖ សិលា


ចែករំលែក៖