ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកត្បូងឃ្មុំបានតាមចាប់ខ្លួនមុខសញ្ញាចោរលួចកាច់សោ.កម៉ូតូដែលធ្លាប់បានធ្វើសកម្មភាពតាមបណ្ដាខេត្តនានា និងបន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងនៅក្នុងកម្មវិធីបុណ្យវត្តមួយ ស្ថិតនៅក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ។
ជនសង្ស័យក្រោយចាប់ខ្លួន ធ្វើតេស្តរកឃើញមេរោគកូវីដ-១៩( អូមីក្រុង) នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច ។
ហេតុការណ៍នេះកើតឡើងចំថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤កុម្ភៈ ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពជនសង្ស័យយកម៉ូតូជិះគេចទៅសម្ងំលាក់ខ្លួននៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។
លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យសារព័ត៌មានដឹងថា មុនពេលកើតហេតុ នៅវត្តទួលទ្រា គេមានរៀបចំកម្មវិធីបុណ្យ លុះដល់ពេលយប់ក៏មានល្ខោនបាសាក់សម្ដែងឲ្យប្រជាពលរដ្ឋទស្សនាកម្សាន្តលេងផងដែរ។
លុះដល់ម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភ: នៅចំណុចភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ក៏មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចបន្លំយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1J-8398 របស់ជនរងគ្រោះឈ្មោះ ហេង ពិសី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចេញពីកន្លែងផ្ញើម៉ូតូក្នុងកម្មវិធីបុណ្យនោះយកទៅបាត់។
លោកអធិការបានបន្តអោយថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ បានចាត់ការជាបន្ទាន់ ហើយធ្វើការស្រាវជ្រាវតាមរយៈទីតាំង location ប្រព័ន្ធ GPS ដែលបំពាក់លើម៉ូតូ ។ ហើយរហូតដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់យីហោ «សួន សម្បត្តិ» ស្ថិតនៅភូមិព្រែកផ្តៅ ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង កម្លាំងយើងសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកញ្ច្រៀច បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ សុក សុភី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកកោះញែក ខេត្តមណ្ឌលគីរី ដែលបានមកសម្ងំដេកនៅក្នុងផ្ទះសំណាក់ខាងលើ និងដកហូតបានវត្ថុតាងដែលជាឧបករណ៍សម្រាប់លួចកាច់សោ.កម៉ូតូបានមួយចំនួន ទូរស័ព្ទចុចពិលម៉ាក NOKIA ០១គ្រឿង និងម៉ូតូ០១គ្រឿងជារបស់ជនរងគ្រោះខាងលើ ។
លោកបានបញ្ជាក់អោយដឹងថា ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ ម៉ុន មាគ៌ា និងលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានអនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំវិញ ដើម្បីធ្វើការសួរនាំ។
លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់ថា ជនសង្ស័យម្នាក់នេះគឺជាមុខសញ្ញាចាស់ខាងកាច់សោ.កម៉ូតូ ហើយក៏ធ្លាប់បានធ្វើសកម្មភាពនៅតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេសកម្ពុជានាពេលកន្លងមកដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលចាប់បាន ជនសង្ស័យរូបនេះតែងតែបិទភ្នែក ធ្វើជាប្រកាច់ ធ្វើបាក់ចង្កេះ ដើម្បីឱ្យសមត្ថកិច្ចជួយគ្រា ។
លោកអធិការនគរបាលស្រុកត្បូងឃ្មុំបន្តថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យរូបនេះត្រូវបានដឹកតាមរថយន្តមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដែលជាកន្លែងកើតហេតុ បំពេញបែបបទបញ្ជូនជនសង្ស័យរូបនេះទៅឲ្យតំណាងអយ្យការសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ដោយឡែកជាមួយគ្នានោះ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានធ្វើតេស្តលើជនសង្ស័យរូបនេះ ក៏រកឃើញថាកើតកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ដែលជាជំងឺកូវីដកំពុងរាតត្បាតនៅកម្ពុជា ស្របពេលនោះកម្លាំងនគរបាលចំនួន២នាក់ក៏បានឆ្លងកូវីដបំប្លែង អូមីក្រុង នេះផងដែរ ៕
ដោយ ៖ វណ្ណៈ