ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ រ៉ាស៊ី ប្អូនបង្កើតលោកអៀង ចេនឡា ទម្លាយរឿងបងប្រុសមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់ការចងចាំ

ចែករំលែក៖

ភ្នំពេញ៖ ពិធីករលោកសុខ រ៉ាស៊ី បានទម្លាយរឿងបងប្រុសបង្កើតគឺលោកអៀង ចេនឡា មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និយាយលែងដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ។  ការទម្លាយនេះធ្វើឡើងទាំងកណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ក្រោយពីបងប្រុសរបស់លោកខកខានក្នុងការចេញច្រៀង និងសម្តែងមួយរយៈចុងក្រោយនេះ។ 

   លោករ៉ាសុីបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ”បងប្រុសខ្ញុំគាត់ឈ្មោះ៖ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះគាត់ឈឺធ្ងន់ ជំងឺរលាកស្រោមខួរក្បាល និយាយលែងដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន”។ 

អមដោយសារនេះគឺជាវីដេអូបង្ហាញពីសភាពស្ថានភាពជំងឺរបស់តារាកំប្លែងរូបនេះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ផងដែរ។  ដំណឹងនេះបានបង្កើតឱ្យមានការភ្ញាក់ផ្អើលនិងថ្លែងក្តីអាណិតគ្រប់ៗគ្នាទៅកាន់តារាកំប្លែងរូបនេះជាពន់ពេក និងមានការបន់ស្រន់សុំឱ្យគាត់ឆាប់ជាសះស្បើយ។ 

  គួរបញ្ជាក់ដែរថា កាលពីចុងឆ្នាំ២០២១ តារាសម្តែង  លោក អៀង ចេនឡា ធ្លាប់បានទម្លាយអំពីជំងឺប្រចាំកាយគឺជំងឺទឹកចូលសួតរហូតត្រូវសង្គ្រោះបន្ទាន់ និងបណ្តាលឱ្យលោកស្រកសាច់ជាងមុនហើយនៅតែបន្តប្រឹងប្រែងចេញថតទាំងមានជំងឺ។ លោក អៀង ចេនឡា ត្រូវគ្រូពេទ្យបូមទឹកចេញពីសួតដើម្បីបន្ថយអាការៈនៃការក្អក និងថប់ដង្ហើម…៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖