ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឆ្លើយតប ទៅនឹងបុគ្គលមួយចំនួនថា សម្តេចពូកែស្មុំ ដោយសម្តេចតបវិញថា ពិតណាស់ការស្មុំរបស់សម្តេច មិនបានយកទៅបង្ហើយផ្ទះបាយនោះទេ ប៉ុន្តែស្មុំដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ ការកសាងប្រទេស ។
ដោយឡែករឿង នៅមីយ៉ាន់ម៉ា , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ដំណើរស្វែងរកសន្តិភាព មិនមែនទៅព្រឹក បានផលល្ងាចនោះទេ ។ សម្តេចតេជោបានទាយទុកថា បញ្ហានៅមីយ៉ាន់ម៉ា បើសិនបន្តបែបនេះទៀត ប្រហែលពី៥ឆ្នាំ ទៅ១០ឆ្នាំទៀត មិនទាន់បានឃើញ ពន្លឺសន្តិភាពនៅមីយ៉ាម៉ាផង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអោយដឹងថា ជប៉ុនគឺជាប្រទេសមួយ ក្នុងចំណោយប្រទេសជាច្រើន ដែលបានជួយកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងស្តារឡើងវិញក្រោយពេលកម្ពុជាទទួលបានសុខសន្តិភាពទាំងស្រុង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយលោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយជប៉ុន មានតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា, សម្តេចថ្លែងបែបនេះ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយ មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។
ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ទាំងនោះដែលប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានទាំងអស់មានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៤០នាទី នាព្រឹកថ្ងៃដដែល ៕
ដោយ ៖ សិលា