ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បន្ទាប់ពីទទួលបានព័ត៌មានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ២១៩ កែងផ្លូវ២២០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌទួលគោក បានឱ្យដឹងថា ជាក់ស្ដែងជាលទ្ធផលក្នុងប្រតិបត្តិការខាងលេីនេះ សមត្ថកិច្ចជំនាញ បានស្ទូចរថយន្តចំនួន១គ្រឿង ដែលចតកន្លែងហាមចត និងចាក់សោររថយន្ត ចំនួន១គ្រឿង យកមករក្សារទុកនៅអធិដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំណែនាំ និងផាតពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ ក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងយានដ្ឋានជួសជុលរថយន្តចំនួន៥ទីតាំង នៅផ្លូវ២១៩ និងផ្លូវ២២០ ដែលយកផ្លូវសាធារណៈចត និងជួសជុលរថយន្តលើទ្រូងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕
ដោយ៖ស តារា