ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តស៊េរីទំនើប Lexus 570 ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តស៊េរីទំនើប Lexus 570 ក្រឡាប់ផ្ងារជើងតែម្ដង ប៉ុន្តែសំណាងល្អដែរដែលមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់តំបន់បឹងកក់ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។

   តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្រ្តីម្នាក់បើកបររថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BS-9899 ដោយបើកបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកLexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-4445 បុកយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តLexus 570ក្រឡាប់ផ្ងារជើង។

   ក្រោយពេលកើតហេតុម្ចាស់រថយន្ត Lexus 570 បានគេចចេញពីកន្លែងកើត ហេតុបន្សល់តែរថយន្តនិងភាគីម្ខាងទៀត។ ភ្លាមៗនោះកម្លាំងនគរបាលបានចុះដល់ទីតាំងកើតហេតុធ្វើការវាស់វែងស្ទួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖