ព័ត៌មានទាន់ហេតុការណ៍៖

យុវតីសិស្សសាលា២នាក់ជិះម៉ូតូចេញពីរៀនត្រូវបុរសម្នាក់បើករថយន្តលឿនចាប់ហ្រ្វ័ងមិនទាន់បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ ៖​ បុរសម្នាក់បានបេីករថយន្តក្នុងល្បឿនលឿន​ និងមិនប្រយ័ត្ននៅចំណុចផ្លូវបំបែកបានជ្រុលទៅបុកយុវតីជាសិស្សសាលាប៊ែលធី២នាក់កំពុងជិះម៉ូតូឌុបគ្នាឆ្លងផ្លូវពេញទំហឹង​ បណ្ដាលឲ្យរងរបួសធ្ងន់​ កាលពីវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃទី១៦​ ខែកុម្ភៈ​ឆ្នាំ២០២២​ នៅតាមផ្លូវបេតុងលេខ១៩​ នៅភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកើកហេតុឃើញយុវតីជាសិស្សសាលា២នាក់បានជិះម៉ូតូម៉ាកស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1IC -4424​ ឌុបគ្នាតាមផ្លូវបេតុង​ ទិសដៅពីជេីងទៅត្បូង​មកផ្លូវបំបែកជាបួន​ ខណៈកំពុងឆ្លងផ្លូវបត់ឆ្វេង ស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តកូរ៉េដឹកទំនិញ ១គ្រឿង​ បេីកបរតាមផ្លូវបេតុងលេខ១៩​ទិសដៅពីលិចទៅកើតហេីយជ្រុលមកបុកម៉ូតូយុវតីសិស្សសាលារងគ្រោះពេញទំហឹង​ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ទាំង២នាក់ ភ្លាមនោះៗអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខក្នុងបុរីឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច​ ។

ចំណែកយុវតីរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិចឯកជនដឹកទៅសង្គ្រោះផងដែរ​ ។ 

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស​ បានចុះមកដល់ទីតាំងនៅកន្លែងកើតហេតុ​ និងបានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត​ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖