ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមថ្ងៃទី១៧ កុម្ភៈ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងមិនមានករណីឆ្លង COVID-19 ថ្មីទេ

ចែករំលែក៖

អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈថា គ្មានករណីឆ្លងថ្មីនៃ COVID-19 ត្រូវបានរកឃើញក្នុងចំណោមអត្តពលិក និងមន្រ្តីក្រុមការងារដែលជាលើកទី១ហើយមិនបានរកឃើញការឆ្លងរោគដោយរោគសញ្ញាចាប់តាំងពីការរាប់ប្រចាំថ្ងៃត្រូវបានផ្សព្វផ្សាយ។

គណៈកម្មាធិការរៀបចំការប្រកួតបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានករណីថ្មីត្រូវបានរកឃើញទេក្នុងចំណោមបុគ្គលិកដែលពាក់ព័ន្ធនៅថ្ងៃទី១៧ ខែកុម្ភៈ នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានេះនិងនៅពេលមកដល់អាកាសយានដ្ឋានក្នុងទីក្រុងប៉េកាំង។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19 ទីក្រុងប៉េកាំងបានដាក់ប្រព័ន្ធត្រួតពិនិត្យវិលជុំ ដែលដាក់កម្រិតអ្នកចូលរួមប្រកួតទាំងអស់ទៅកាន់តំបន់ជាក់លាក់ក្នុង និងជុំវិញកន្លែងស្នាក់នៅ ព្រមទាំងអ្នកដែលត្រូវដាក់ដោយឡែកពីប្រជាជនក្នុងតំបន់។

កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ បានចាប់ផ្តើមផ្សព្វផ្សាយចំនួនករណីប្រចាំថ្ងៃជាមួយនឹងរោគសញ្ញាថ្មីដែលត្រូវបានបញ្ជាក់នៅថ្ងៃទីកាលពីថ្ងៃទី២៤ ខែមករា។ មុននោះអ្នករៀបចំបាននិយាយថា ការឆ្លងចំនួន៧២ត្រូវបានរកឃើញនៅថ្ងៃប្រកួតរយៈពេល៤ថ្ងៃ ក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងការប្រកួតពេលដែលមកដល់ប្រទេសចិន និងអ្នកកំពុងស្នាក់នៅ។

លោក Huang Chun អគ្គនាយករងនៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ បាននិយាយថា “មនុស្សមួយចំនួនកំពុងមកដើម្បីរៀបចំសម្រាប់កីឡាប៉ារ៉ាឡាំពិកថ្ងៃនេះ ខណៈដែលមនុស្សរាប់រយនាក់កំពុងចាកចេញ។ ទិន្នន័យរបស់យើងបង្ហាញថាមានមនុស្សជិត១៤,០០០នាក់ដែលមកពីក្រៅប្រទេសនៅតែស្ថិតក្នុងការត្រួតពិនិត្យ”។

លោកបន្តថា “ករណី COVID-19 ប្រចាំថ្ងៃកំពុងធ្លាក់ចុះ ដោយសារអ្នកគ្រប់គ្នាអនុវត្តតាមវិធានការការពារ COVID-19 យ៉ាងតឹងរ៉ឹង។ វាក៏បង្ហាញឱ្យឃើញនូវការត្រួតពិនិត្យ និងការធ្វើតេស្ត ហើយវិធានការត្រួតពិនិត្យ COVID-19 មានប្រសិទ្ធភាព” ។

អ្នកវិភាគនៅក្រៅប្រទេសបានព្រមានថា កីឡារដូវរងានឹងដាក់សម្ពាធបន្ថែមទៀតលើគោលជំហរដែលគេហៅថា “COVID សូន្យ” របស់ប្រទេសចិន ជាពិសេសនៅពេលដែលអាជ្ញាធរមូលដ្ឋានទូទាំងប្រទេសបានប្រយុទ្ធប្រឆាំងនឹងមេរោគបំប្លែងថ្មី Omicron និងកាន់តែរីករាលដាល។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា​អូឡាំពិក​រដូវ​រងា​​បាន​ចាប់​ផ្តើមកាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ នឹងត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃ​អាទិត្យខាងមុខនេះ។ ចំណែកព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉េកាំងគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែមីនា ហើយនឹងបញ្ចប់នៅថ្ងៃទី១៣ ខែមីនា ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖