ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនឪពុកចុងរំលោភកូនស្រីដើម(កូនស្រីប្ដីមុន) ជាច្រើនដងនិងគំរាមសម្លាប់ ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឪពុកចុង ធ្វើសកម្មភាពចាប់រំលោភកូនស្រីដើម(កូនស្រីប្ដីមុន) ត្រូវនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនសង្ស័យជាឪពុកចុងឈ្មោះ ខាន់ សាវុធ ភេទប្រុសអាយុ ៤០ ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ចំណែកកូនស្រីឈ្មោះ ស.វ.ស.អ អាយុ១៥ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ។

លោកអធិការ បានបន្តថា៖នៅមុនពេលកើតហេតុជនរងគ្រោះនិងម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញ ក៏យប់ងងឹតហើយនាំគ្នាសុំផ្ទះរបស់ឈ្មោះ ប៉ុច ភេទប្រុសអាយុប្រហែល ៤០ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុក អូរជ្រៅ ស្នាក់នៅមួយយប់ ។

នៅយប់នោះក្រោយពីហូបបាយពេលល្ងាចរួច ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃដដែល ជាឱកាសល្អ ជនសង្ស័យបានចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេងរងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នាហើយជនសង្ស័យក៏បាននិយាយប្រាប់   ម្តាយក្មេងស្រីរងគ្រោះ ដែលជាប្រពន្ធរបស់ខ្លួនថាគេស្រឡាញ់កូនស្រីចុងនេះមានរយៈពេល០២ឆ្នាំហើយនិងបានរួមរ័កជាច្រើនដងតាំងពីឆ្នាំ២០១៩មកម្លេះ ។ពេលលឺដូច្នោះ ម្តាយក្មេងរងគ្រោះក៏បានដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគុត្តសតនិងឃាត់ខ្លួនជនសង្ស័យមកសួរនាំ ។

លោកបញ្ជាក់បន្ថែមថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័ឈ្មោះ ខាន់ សាវុធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួនពិតប្រាកដមែនតាំងពីឆ្នាំ២០១៩ ជាច្រើនដង  បន្ទាប់មកដោយខ្លាចនាងនិយាយរឿងខ្លួនបានរំលោភប្រាប់ម្តាយឬអ្នកជិតខាងនោះ ខ្លួនបានគំរមថាបើហ៊ាននិយាយខ្លួននិងសម្លាប់ចោលទាំងអស់ ។

ចំណែកក្មេងស្រីរងគ្រោះក៏បានបំភ្លឺថា ឪពុកចុងនាងបានចាប់នាងរំលោភរយៈពេល០២ឆ្នាំហើយ ពេលធ្វើសកម្មភាពម្តងៗតែងតែ  គំរាមនាងមិនឲ្យនិយាយប្រាប់នរណាឬម្តាយរបស់នាងឡើយ បើមិនដូច្នោះទេគាត់នឹងសម្លាប់ចោលទាំងអស់គ្នា ។

លោកវរសេនីយ៍ឯក ឡាយ  គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់បន្ថែមថា៖ ដោយផ្អែកលើបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ការបំភ្លឺពីក្មេងរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីហើយដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖