ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ បញ្ចេញទស្សនៈផ្ទាល់ខ្លួន ៣ ចំណុច លើប្រធានបទ នយោបាយ វប្បធម៌ សេដ្ឋកិច្ចសង្គម និងទិដ្ឋភាពដទៃទៀត ដែលទាក់ទិននឹងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជាប្រធាន សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ៣ ចំណុច លើប្រធានបទ នយោបាយ វប្បធម៌ សេដ្ឋកិច្ចសង្គម និងទិដ្ឋភាពដទៃទៀត ដែលទាក់ទិននឹងប្រទេសកម្ពុជា មាតុភូមិជាទីស្នេហារបស់យើង របៀបជាអ្នកនយោបាយជាតិនិយម ដោយបង្ហោះលើ facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា, ទស្សនៈផ្ទាល់ខ្លួន! ខ្ញុំបានឆ្លៀតពេលខ្លះស្តាប់ វាគ្មិន ទាំងអ្នកនៅក្នុងស្រុក និងនៅក្រៅស្រុក ដែលសម្តែងមតិ «ទស្សនៈ» នៅតាមបណ្តាញសង្គម លើប្រធានបទ នយោបាយ វប្បធម៌ សេដ្ឋកិច្ចសង្គម និងទិដ្ឋភាពដទៃទៀត ដែលទាក់ទិននឹងប្រទេសកម្ពុជា មាតុភូមិជាទីស្នេហារបស់យើង។ 

១/ ខ្ញុំមានអតីតភាពជាអ្នកស្រាវជ្រាវ ហើយពិតជាសូមកោតសរសើរចំពោះ វាគ្មិន ដែលចំណាយពេលវេលាក្នុងការស្រាវជ្រាវ និងចែករំលែក។ ប៉ុន្តែ ក៏គួរសោកស្តាយជាពន់ពេក ចំពោះ វាគ្មិនខ្លះ ដែលមាន «ជំងឺ»ប្រចាំកាយ ឬជាជំងឺសតិអារម្មណ៍ ក៏ញាំងឱ្យការនិយាយស្តីរបស់គាត់ ប្រែទៅជា ភ្លាំងភ្លាត់ បាត់ម្ចាស់ការ ខ្វះភាពគ្រប់ជ្រុងជ្រោយ អសុរស ហិង្សា និងគ្មានសុជីវធម៌។ បុគ្គលម្នាក់ ទំយើខ្លួនឯង រហូតយកតម្លៃប្រជាជនខ្មែរ ថ្នាក់ដឹកនាំខ្មែរ និងប្រទេសខ្មែរ ទ្រាប់គូទ ដូចជាអសីលធម៌ពេកទេដឹង? 

២/ នៅក្នុងសង្គមជាតិមួយ ការមាន «ទស្សនៈចម្រុះ» គឺជារឿងត្រឹមត្រូវណាស់។ ប៉ុន្តែ វាគ្មិននីមួយៗ ក៏គប្បីយល់ឃើញថា «ការបន្ស៊ីភាពខុសគ្នា ឱ្យចូលគ្នា ឱ្យបំពេញឱ្យគ្នា» ទើបជាការខិតខំដ៏ត្រឹមត្រូវ។ កិច្ចការនេះគឺលំបាកខ្លាំងណាស់ ដែលប្រៀបបាន វង់តន្ត្រីមួយ បើមិនអាចបញ្ចូលភាពខុសគ្នារវាង ស្គរ ហ្គីតា បាស់ អ័ក និងអ្នកច្រៀង ឱ្យស្តាប់គ្នា ឱ្យចូលគ្នានោះទេ គឺច្បាស់ជា វ៉ល់ ហើយ។ សង្គមជាតិយើងក៏ដូចគ្នាដែរ។ វាគ្មិនទាំងឡាយ ដែលអួតខ្លួនថា ជាអ្នកមានប្រាជ្ញា គប្បីប្តេជ្ញាចិត្តដោយសីលធម៌ ធ្វើជា «អ្នកបំភ្លឺផ្លូវ» ដែលអាចនាំខ្មែរ ឆ្ពោះទៅរក «ការឯកភាពគ្នាខាងទស្សនៈ» ទើបជាការប្រសើរ។ ការងារអ្វីក៏ដោយ គឺត្រូវផ្តើមចេញពីការឯកភាពខាងទស្សនៈជាមុនសិន ទើបអនុវត្តទទួលជោគជ័យ។ យើងត្រូវជៀសវាងឱ្យបាន កុំឱ្យពហុទស្សនៈ ក្លាយទៅជាសមរភូមិហែកហួរ និងបង្កើតពហុសត្រូវ ដែលនាំដល់ការប្រេះឆា បែកបាក់សាមគ្គីខ្មែរ។ សូមកុំបរទេសនិយមជ្រុល រហូតរកចំណុចល្អរបស់ ខ្មែរ ដែលជាមាតារបស់ខ្លួន មិនឃើញសោះនោះ។ 

៣/ សំណូមពរ៖ វាគ្មិនខ្លះ ទោះបីតាំងខ្លួនជាបណ្ឌិត ជាឧកញ៉ា ជាជនឯករាជ្យក្បាលទល់មេឃជើងមិនជាប់ដីក៏ដោយ ប៉ុន្តែបើលោកអ្នកយល់ឃើញថា អារម្មណ៍ខ្លួនមិនទាន់ល្អ ហើយខ្លួននៅមានជំងឺ គួរសម្រាកមួយរយៈ ព្យាបាលជំងឺខ្លួនឱ្យជាសះស្បើយសិន ចាំមកជួយព្យាបាលសង្គមជាតិដ៏ធំធេងនេះ ក៏មិនទាន់យឺតពេលដែរ។ កម្ពុជា មិនទៅណាចោលអ្នកទេ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖