ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជាពូសាច់ថ្លៃ ល្មោភកាម ចាប់ក្មួយស្រីជាអនីតិជនរំលោភសេពសន្ថវ:បានសម្រេច

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលក្រុងសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ ដល់ផ្ទះ​ បន្ទាប់ពីទទួល​ពាក្យបណ្តឹងរបស់ម្តាយក្មេងរងគ្រោះថា បុរសនេះត្រូវជាពូសាច់ថ្លៃ ចាប់ក្មួយស្រី រំលោភ រហូតបានសម្រេច ខណៈម្តាយក្មេងរងគ្រោះចេញទៅធ្វើការបាត់តាំងពីព្រឹក។

 ការឃាត់ខ្លួនបុរសល្មោភកាមនេះប្រព្តឹត្តទៅ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងបរិវេណផ្ទះរបស់​ជនសង្ស័យ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

  មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្លក្រាមបានឲ្យដឹងថា ពូសាច់ថ្លៃដែលល្មោភកាមចាប់រំលោភក្មួយស្រីនោះ ឈ្មោះ សម្បត្តិ ហៅ ចិន អាយុ ៣៦ឆ្នាំ មានទីលំនៅជាប់របងផ្ទះជនរងគ្រោះ ។ 

 ​​ម្តាយកុមារីរងគ្រោះប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ ទើបលែងលះជាមួយប្តីបានប៉ុន្មានខែនេះទេ។គាត់មានកូនទាំងអស់ ២នាក់ ហើយកូនស្រីច្បង អាយុ ១១ឆ្នាំ ត្រូវពូសាច់ថ្លៃចាប់រំលោភនេះឯង ពោលបានន័យថាជនសង្ស័យ ត្រូវជាប្អូនថ្លៃរបស់គាត់។

  ម្តាយក្មេងស្រីរងគ្រោះ បន្តថា ប្អូនថ្លៃនេះ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ តាំងពីអំឡុងឆ្នាំ២០២១ ប៉ុន្តែមិនបានសម្រេច។ ទើបនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ពេលគាត់មិននៅផ្ទះ ប្អូនថ្លៃមានឱកាសក៏ចាប់រំលោភបានសម្រេចតែម្តង។

 ចំណែកកូនស្រីបានប្រាប់ថា ពូចិន បានចាប់រំលោភសេពសន្ថវ:បានសម្រេច ហើយជនសង្ស័យ គំរាម​មិនឱ្យ​ប្រាប់នរណាទេបើហ៊ានប្រាប់នឹងសម្លាប់ចោល។

  យ៉ាងណា ក្រោយកូនស្រីបានប្រាប់រឿងរ៉ាវនេះ គាត់ក៏ទៅប្ដឹងសមត្ថកិច្ចនគរបាលមូលដ្ឋានទៅចាប់ជនសង្ស័យមកសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីចាត់ការបន្ត។ចំណែករូបគាត់បានយកកូនស្រីជាជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីពិនិត្យប្រដាប់ភេទហើយពេលទទួលលទ្ធផលបែបណានោះ គាត់នឹងផ្ដល់ជូនទៅសមត្ថកិច្ចដើម្បីដាក់បន្ទុកចោទប្រកាន់ទៅលើជនសង្ស័យជាបន្តទៀត៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖