ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ក្នុងន័យដើម្បីរិតចំណងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្តកំពង់ចាម និងកងពលតូចអន្តរាគមន៍លេខ៦ ដែលឈរជើងការពារព្រំដែនប្រាសាទព្រះវិហារ ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ។ 

សូមជម្រាបជូនថា, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក បានអំពាវនាវទៅដល់កម្លាំងកងទ័ពទាំងអស់ ត្រូវបន្តថែរក្សា និងការពារសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវតែប្តូរផ្តាច់ការពារឱ្យខានតែបាន ដោយមិនឱ្យអ្នកណាម្នាក់ឬក្រុមអ្នកនយោបាយរត់ចោលស្រុកមួយចំនួនមកបំផ្លាញ់សន្តិភាពនេះបានឡើយ ។

លោកឧត្តមសេនី៍យ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក ធ្លាប់បានមានប្រសាសន៍ថា សុខសន្តិភាពនេះ ទម្រាំយើងរកបាននៅក្នុងដៃនេះមិនងាយស្រួលនោះទេ ហើយតម្លៃសន្តិភាពនេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបានឡើយនៅក្នុងប្រទេសរបស់យើង ប៉ុន្តែអ្នកនយោបាយមួយចំនួននៅតែបន្តចង់មកបំផ្លាញ់សន្តិភាពនេះ និងចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់នេះ ពិសេសនៅតែបន្តឱ្យបរទេសដាក់ទណ្ឌកម្មមកលើ ប្រជាជន និងប្រទេសកម្ពុជារបស់យើងដដែល។ 

 លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ទុកថា, សកម្មភាព និងគ្រប់ទង្វើរបស់ក្រុមអ្នកនយោបាយរបស់ក្រុមសម រង្ស៊ីនេះបង្ហាញយ៉ាងច្បាស់ណាស់ថា គេនៅតែចង់ដណ្តើមអំណាចបើទោះបីជាត្រូវលះបង់អ្វីៗក៏ដោយ ដូច្នោះយើងត្រូវតែប្រឆាំង និងរួបរួមគ្នាការពារមិនឱ្យក្រុមណាមួយ ឬអ្នកនយោបាយមួយក្តាប់តូច មកបំផ្លាញសន្តិភាពនេះបានឡើយ ត្រូវតែការពារ ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា សន្តិភាពនេះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោយការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយអ្វីដែលយើងត្រូវធ្វើបន្តនៅថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ សូមជឿទុកជាក់ និងបន្តគាំទ្រលើរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន របស់យើង ដើម្បីយើងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖