កន្លងមកក្រុមអ្នកឯកទេសវិភាគ ពីនយោបាយសន្តិសុខនៅលើពិភពលោកបានបញ្ជាក់ថា ការកើនឡើងនៃឥទ្ធិពលរបស់ចិននិងរុស្ស៊ីក៏ដូចជាតទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។
ប៉ុន្តែពេលនេះ តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបស្តីពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខបានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកកំពុងតែរងការគំរាមកំហែងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរុស្ស៊ីនឹងចិន។
សារព័ត៌មាន RT បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប លោក Josep Borell ដែលបានប្រកាសនៅថ្ងៃទី ២០ ខែកុម្ភៈថា សន្តិសុខសណ្តាប់ធ្នាប់ពិភពលោករងការគំរាមកំហែងពីរុស្ស៊ីនិងចិន។ លោកបញ្ជាក់ថា ប្រទេសទាំងពីរកំពុងតែព្យាយាមផ្លាស់ប្តូរសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន។
ការលើកឡើងខាងលើ គឺក្រោយរយៈពេល៣ថ្ងៃដែលទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានចេញសេចក្តីប្រកាសរួមចោទប្រកាន់ជាច្រើនចំណុចទៅលើគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក ដោយបានអំពាវនាវឱ្យបញ្ចប់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមានដែនអធិបតេយ្យពេញលេញ។
លោក Josep Borell កាលពីថ្ងៃទី២០ ខែកុម្ភៈបានប្រកាសថា សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក សេរីពហុភាគីកំពុងតែរងការគំរាមកំហែងពីមេដឹកនាំផ្តាច់ការពីរ គឺរុស្ស៊ីនិងចិន។ ក្រោយរយៈពេល ៣០ឆ្នាំនៃសង្គ្រាមត្រជាក់បានបញ្ចប់ ចិននិងរុស្ស៊ីបានខិតខំដើម្បីរៀបចំឡើងវិញដល់សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក។
ជាការណ៍ពិតណាស់បច្ចុប្បន្ន ឥទ្ធិពលរបស់ចិននិងរុស្ស៊ីទាំងសេដ្ឋកិច្ច កិច្ចការបរទេស នៅលើឆាកអន្តរជាតិកាន់តែខ្លាំងឡើងហើយទទួលបានការគាំទ្រពីប្រទេសជាច្រើន ។ ការណ៍ដែលចិននិងរុស្ស៊ីបង្កើតឥទ្ធិពល គឺដោយសារតែ បណ្តាប្រទេសលោកខាងលិច គិតតែពីប្រយោជន៍ខ្លួនឯង ៕ ដោយ៖ សាធី
រូបថត៖TTXVN-VNA.