ក្រោយពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រកាស ទទួលស្គាល់ពីឯករាជ្យភាពនៅក្នុងតំបន់ Donetsk ផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ ពលរដ្ឋនៅក្នុងតំបន់បានចេញមកអបអរសាទរនៅថ្ងៃឯករាជ្យរបស់ខ្លួន។
ប្រធានាធិបតីពូទីនប្រកាសទទួលស្គាល់ឯករាជ្យភាពតំបន់Donetsk នៅយប់ថ្ងៃទី ២១ខែកុម្ភៈឆ្នាំ២០២២ ហើយភ្លាមៗនោះរុស្ស៊ីក៏បានបញ្ជូនកម្លាំងទាហានចូលទៅកាន់តំបន់ខាងលើដើម្បីរក្សាសន្តិភាព ។ ប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ីបានផ្សព្វផ្សាយពីការអបអរសាទររបស់ពលរដ្ឋនៅតំបន់ Donetsk ដោយមានបាញ់កាំជ្រួចភ្ញីភ្លើង និងដង្ហែក្បួនដោយកាន់ទង់ជាតិរុស្ស៊ីទៀតផង។
នៅក្នុងសេចក្តីប្រកាសតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីពូទីនបានលើកឡើងថា អ៊ុយក្រែនជាផ្នែកមួយនៃទឹកដីរុស្ស៊ីដែលមិនអាចកាត់ផ្តាច់បានឡើយក្នុងប្រវត្តិសាស្ត្រ។ តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនជាទឹកដីរបស់រុស្ស៊ីតាំងពីអតីតកាលមក។ លោកពូទីនជឿជាក់ថា ពលរដ្ឋរុស្ស៊ីនឹងគាំទ្រសកម្មភាពខាងលើ។
សារព័ត៌មាន TASS បានដកស្រង់សម្តីប្រធានាធិបតីពូទីន
ដែលបានបញ្ជាក់ថា« ខ្ញុំគិតថា ការទទួលស្គាល់ឯករាជ្យភាពនិងអធិបតេយ្យភាពនៃសាធារណរដ្ឋ Donetsk និងសាធារណរដ្ឋ Luhansk គឺជារឿងចាំបាច់បំផុត ហើយគួរតែទទួលស្គាល់តាំងពីយូរណាស់មកហើយ»។
ភ្លាមៗនោះប្រធានាធិបតីរុស្ស៊ីក៏បានស្នើដល់រដ្ឋាភិបាលទីក្រុង Kiev ផ្អាករាល់សកម្មភាពយោធាជាបន្ទាន់ទៅលើតំបន់ Donetsk ហើយអ៊ុយក្រែននឹងត្រូវទទួលខុសត្រូវ ប្រសិនបើនៅតែបង្ហូរឈាមនៅក្នុងតំបន់នោះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួន គាំទ្ររុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោមក្របខ័ណ្ឌនៃបេសកកម្មរក្សាសន្តិភាព ខណៈដែលសហរដ្ឋអាមេរិកកំពុងវាយតម្លៃថាតើបទបញ្ជារបស់លោក ពូទីន គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា។
លោក ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមគាំទ្រមូស្គូ ដោយអះអាងថាវាជាបេសកកម្មរក្សាសន្តិភាព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកចុះហត្ថលេខាលើក្រឹត្យមួយដើម្បីទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ផ្តាច់ខ្លួនទាំងពីរ របស់អ៊ុយក្រែនគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ»។
យ៉ាងណាក៏ដោយ, មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើបទបញ្ជារបស់លោកពូទីន ឱ្យកងទ័ពរុស្ស៊ីដឹកនាំការធ្វើបេសកកម្មរក្សាសន្តិភាពនេះ គឺជាសកម្មភាពឈ្លានពានដូចដែលបណ្ដាមេដឹកនាំលោកខាងលិចបានព្រមានអស់ជាច្រើនសប្ដាហ៍មកនេះ ឬក៏យ៉ាងណានោះទេ។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា «យើងកំពុងវាយតម្លៃលើអ្វីដែលរុស្ស៊ីបាន និងកំពុងធ្វើ ដ្បិតសកម្មភាពរបស់ កងទ័ពរុស្ស៊ីក្នុងតំបន់ Donbass មិនមែនជារឿងថ្មីថ្មោងនោះទេ។ ដូច្នេះយើងនឹងបន្តតាមដាន រហូតដល់រថក្រោះធ្វើសកម្មភាព»៕ ដោយ៖ សាធី
រូបថត៖ Reuters