ព័ត៌មានទាន់ហេតុការណ៍៖

តំណាងសម្តេចតេជោ ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEIK) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEIK) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោម ប្រាក់ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម សន ច័ន្ទរិទ្ធី តំណាងលោកប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី សរុបប្រមាណជាង ២០នាក់។

កិច្ចពិភាក្សានេះ ផ្តោតលើប្រធានបទសំខាន់មួយចំនួនដូចជា ការផ្សព្វផ្សាយច្បាប់វិនិយោគថ្មីរបស់កម្ពុជា ការលើកកម្ពស់ពាណិជ្ជកម្ម និងការជំរុញវិស័យទេសចរណ៍ និងវប្បធម៌។ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា តាមរយៈច្បាប់វិនិយោគថ្មីដែលមានភាពអនុគ្រោះច្រើន ពង្រីកឱកាសទីផ្សាររបស់កម្ពុជា តាមរយៈអនុវត្តកិច្ចព្រមព្រៀងសេរីទ្វេភាគី និងពហុភាគី  និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈវិធានការនានារបស់រាជរដ្ឋាភិបាល រួមមានការបើកទទួលទេសចរណ៍វ៉ាក់សាំង បន្ទាប់ពីជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងដែលកម្ពុជា សម្រេចបានជិត ៩០% នៃចំនួនប្រជាជនសរុប និងកម្មវិធីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ព្រមទាំងជំរុញការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្រោយកិច្ចប្រជុំបានបញ្ចប់ លោក និងសមាជិកគណប្រតិភូក៏បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងសភាពាណិជ្ជកម្មតួកគី ដើម្បីរឹតចំណងមិត្តភាព ជាពិសេសក្នុងឱកាសខួបលើកទី ៦៣ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖