ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ករណីចោរឆក់,ចោរលួច,ចោរគាស់ផ្ទះបានកើតឡើងគួរឲ្យបារម្ភបន្ទាប់ពីមានការកាន់តំណែងរបស់លោកមេប៉ុស្តិ៍ឃ្មួញទើបតែតែងតាំងថ្មី។ ពួកចោរមិនមែនលួច,ឆក់គាស់ផ្ទះក្នុងបំណងវាស់ស្ទង់សមត្ថភាពលោកមេប៉ុស្តិ៍នោះទេ ប៉ុន្តែពួកចោរទាំងនោះទំនងជាដឹងយ៉ាងប្រាកដថាលោកមេប៉ុស្តិ៍គ្មានសមត្ថភាពទើបគេលួច,ឆក់និងគាស់ផ្ទះញឹកញាប់ ម្ដងហើយ ម្ដងទៀតយ៉ាងនេះ។
ជាក់ស្តែងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២២ ករណីគាស់ឃ្លាំងយកម៉ូតូ ៣គ្រឿងបានកើតឡើងនៅចំណុចឃ្លាំងមួយកន្លែងដែលស្ថិតតាមបណ្ដោយផ្លូវលេខ ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ វាមិនមែនជារឿងលេងសើចនោះទេដែលហ្វូងចោរហ៊ានធ្វើសកម្មភាពគាស់ឃ្លាំងប្រមូលយកម៉ូតូម្ដង ៣គ្រឿងយ៉ាងនេះ ។ មានន័យថាពួកគេ(ចោរ) បានដឹងយ៉ាងប្រាកដអំពីសមត្ថភាពដឹកនាំការងារប្រចាំថ្ងៃរបស់លោកនាយប៉ុស្តិ៍ឃ្មួញ ឈឹម ខាវីរូតវឌ្ឍនៈ ដែលថ្នាក់ដឹកនាំទម្លាក់ពីលើមេឃឱ្យមកកាន់ជានាយប៉ុស្តិ៍ឃ្មួញនេះ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សំ មាឃ ភេទប្រុសអាយុ ២៤ ឆ្នាំបានឲ្យដឹងថា ខ្លួនបានទុកដាក់ម៉ូតូនៅក្នុងឃ្លាំងជាធម្មតាដូចសព្វមួយដងហើយនៅវេលាម៉ោង ០២និង ៣០ នាទីរំលងអធ្រាត្រពេលដែលខ្លួនចេញទៅបត់ជើងតូចស្រាប់តែឮសំឡេងម៉ូតូ ពេលនោះខ្លួនក៏ក្រឡេកឃើញចោរ ៤ នាក់ជិះម៉ូតូ ៣ គ្រឿងចេញទៅបាត់។ ពេលរត់មកមើលម៉ូតូក្នុងឃ្លាំងស្រាប់តែបាត់អស់រលីង។ ពួកចោរធ្វើសកម្មភាពដោយមិនញញើតកម្លាំងសមត្ថកិច្ចអ្វីសោះឡើយ ដោយប្រមូលយកម៉ូតូក្នុងឃ្លាំងទាំង ៣ គ្រឿងចេញទៅដោយសុវត្ថិភាព។
នេះមិនមែនជាលើកទីមួយទេក្នុងករណីចោរគាស់ផ្ទះឬឃ្លាំងយកម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញ ។ ជាញឹកញាប់ណាស់មកហើយដែលពួកចោរធ្វើសកម្មភាពប្រមូលយកម៉ូតូម្ដង ២ទៅ៣ គ្រឿងតាមលំនៅដ្ឋាននិងឃ្លាំងនៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញ។ ប្រជាពលរដ្ឋមិនដែលឃើញអាជ្ញាធរសង្កាត់-ខណ្ឌជួយឈឺឆ្អាលស្ដាយស្រណោះទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះឡើយ ហើយសមត្ថភាពកម្លាំងមានសមត្ថកិច្ចក៏នៅតែមិនឃើញផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនោះដែរពោលគឺបាត់ហើយ បាត់ទៀត នៅតែគ្មានដំណោះស្រាយនិងគ្មានការទទួលខុសត្រូវពីសមត្ថកិច្ចនោះឡើយ។
លើកនេះគេឃើញឃ្លាំងដែលបាត់ម៉ូតូនោះមានបំពាក់កាមេរ៉ាសុវត្ថិភាពទៀតផង។ ចាំមើលថា តើលោកនាយប៉ុស្តិ៍អាចបំបែកសំណុំរឿងនេះដោយចាប់ពួកចោរទាំងនោះយកមកផ្ដន្ទាទោសបានដែរឬទេ? ឬមួយក៏ស្ងាត់សូន្យឈឹងដូចករណីមុនៗទៀតដែរ។ យ៉ាង ណាក៏ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនរំពឹងថាលោកនាយប៉ុស្តិ៍អាចមានសមត្ថភាពបំបែកសំណុំរឿងនេះបានទេ ទោះបីជាឃ្លាំងដែលរងនូវការការបាត់បង់ម៉ូតូរហូតដល់ទៅ ៣គ្រឿងនោះមានបំពាក់កាមេរ៉ាសុវត្ថិភាពក៏ដោយ។
ឥឡូវនេះបើតាមប្រជាពលរដ្ឋយល់ឃើញថា ពួកចោរដឹងច្បាស់ថានៅក្នុងមូលដ្ឋានសង្កាត់ឃ្មួញសមត្ថកិច្ចគ្មានសមត្ថភាពក្នុងការបង្ក្រាបពួកគេនៅឡើយទើបពួកគេធ្វើសកម្មភាពនៅតែក្នុងមូលដ្ឋានសង្កាត់ឃ្មួញនេះ រាល់ពេលវេលាដោយមិនញញើត។
រីឯលោកឈឹម ខាវីរូតវឌ្ឍនៈ ដែលមកកាន់តំណែងជានាយប៉ុស្តិ៍ឃ្មួញថ្មីរូបនេះក៏មិនដែលខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ៕
ដោយ៖ចន្ទ លីហ្សា