ក្រុមតោខៀវ Chelsea ធ្វើបានល្អក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយដោយបានយកឈ្នះក្រុម Lille ជាមួយនឹងជ័យជម្នះនៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល២ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
ខ្សែប្រយុទ្ធ Kai Havertz បានតែតបាល់បញ្ចូលទីនៅនាទីទី៨ ហើយ Christian Pulisic គឺជាអ្នករកបានគ្រាប់បាល់ទី២ បន្ទាប់ពីការបញ្ជូនបាល់ពី N’Golo Kante នៅនាទីទី៦៣ ខណៈដែលក្រុមតោខៀវទទួលបានលទ្ធផលល្អក្នុងជើងទី១នេះ។ ចំណែកខ្សែប្រយុទ្ធ Romelu Lukakuគ្រាន់តែជាកីឡាករបម្រុងប៉ុណ្ណោះ ដោយ Havertz ជាអ្នកបង្ហាញខ្លួនដំបូងហើយកីឡាករអាល្លឺម៉ង់រូបនេះស្ទើរតែរកបានពីរគ្រាប់មុនការស៊ុតដំបូងរបស់គាត់។
ជាក្តីបារម្ភរបស់អ្នកចាត់ការ Thomas Tuchel គឺកីឡាករក្រុម Chelsea មានបញ្ហារបួសដូចជា Ziyech និងខ្សែបម្រើ Mateo Kovacic នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅថ្ងៃអាទិត្យជាមួយ Liverpool នៅ Wembley ។
កីឡាករ Lukaku ដែលមានតម្លៃខ្លួន៩៧.៥លានផោនរបស់ Chelsea គឺជាកីឡាករដែលទទួលបានការចាប់អារម្មណ៍បន្ទាប់ពីគាត់មិនមានការលេងល្អពេលប៉ះជាមួយក្រុម Crystal Palace កាលពីថ្ងៃសៅរ៍។ គាត់បានប៉ះបាល់តែ៧ដងប៉ុណ្ណោះក្នុងការឈ្នះ ១-០ ដែលមួយក្នុងចំណោមនោះគឺជាការទាត់បាល់ដែលជាចំនួនទាបបំផុតសម្រាប់កីឡាករដែលបានបញ្ចប់៩០នាទីពេញនៅក្នុង Premier League ចាប់តាំងពីស្ថិតិបានចាប់ផ្តើមត្រូវបានកត់ត្រាក្នុងឆ្នាំ២០០៣-២០០៤។ ខ្សែប្រយុទ្ធរូបនេះអាចនឹងបង្ហាញខ្លួនពេលក្រុមប៉ះ Liverpool នៅកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យ។
ចំណែកក្រុមសេះបង្កង់ Juventus បានត្រឹមប្រកួតស្មើ១ទល់១ជាមួយក្រុមម្ចាស់ផ្ទះ Villarreal ក្នុងការប្រកួតជើងទី១។ កីឡាករDusan Vlahovicបានស៊ុតបញ្ចូលទីគ្រាប់ដំបូងក្នុងក្របខ័ណ្ឌ Champions League ដែលលឿនបំផុតមិនធ្លាប់មានគឺមិនបាន១នាទីផង ប៉ុន្តែក្រុម Juventus ត្រូវបានវាយបកវិញដើម្បីស្មើនៅទឹកដី Villarreal ក្នុងវគ្គ១៦ក្រុមចុងក្រោយដោយកីឡាករ Dani Parejo របស់ក្រុម Villarreal រកបាន១គ្រាប់តាមស្មើនៅនាទីទី៦៦។
ក្រុម Juventus ក្រោមការដឹកនាំរបស់លោក Massimiliano Allegri មិនស្គាល់ចាញ់សោះក្នុងរយៈពេល៩០នាទីចាប់តាំងពីខែវិច្ឆិកា ប៉ុន្តែពួកគេត្រូវបានតម្រូវឱ្យបង់ឱកាសដើម្បីរកបានជ័យជម្នះនៅក្រៅដីក្នុងកីឡដ្ឋានEstadio de la Ceramica ។ ចំណែកក្រុម Villarreal ដែលមិនធ្លាប់ចាញ់ក្នុងការប្រកួតក្នុងផ្ទះក្នុងវគ្គជម្រុះក្នុងក្របខ័ណ្ឌ Champions League មានក្តីសង្ឃឹមតិចតួចដែរក្នុងការប្រកួតជើងទី២ក្នុងទឹកដី Juventus ខណៈដែលខ្សែប្រយុទ្ធអេស្ប៉ាញ Gerard Moreno បានរងរបួសខកខានការបង្ហាញខ្លួនឲ្យក្រុមផងដែរ។
ការប្រកួតជើងទី២ក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរវាងក្រុម Lille នឹងក្រុមតោខៀវ Chelsea ហើយក្រុម Juventus ប៉ះក្រុម Villarreal នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែមីនាខាងមុខវេលាម៉ោង៣រំលងអធ្រាត្រដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)