ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅជុំវិញការដ្ឋានសំណង់បូរី ហាយ ធិច ចំប៉ាក្បាលកោះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងគ្រោះដោយជំនន់ទឹកលិចត្រាំត្រែង រាប់ខែបណ្តាលអោយផលដំណាំខូចខាតស្ទើទាំងអស់ លិចផ្ទះសម្បែង ពិបាកក្នុងការរស់នៅ ។
ផ្តើមចេញពីការអនុវត្តន៍គម្រោងសាងសងបូរីហាយធិចនេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជន់លិចផ្ទះសម្បែងនៅជុំវិញទីតាំងបូរីខាងលើបានដាក់ពាក្យស្នើការអន្តរាគមន៍ពីអាជ្ញាធរ សង្កាត់/ខណ្ឌ ដើម្បីដោះស្រាយបញ្ហាទឹកលិចជូនពួកគាត់ដោយភ្ជាប់មកនៅស្នាមមេដៃរបស់អ្នកភូមិ៤០គ្រួសារ ។
បន្ទាប់ពីទទួលបាននៅសំណើរសុំអន្តរាគមន៍ពីប្រជាពលរដ្ឋអាជ្ញាធរខណ្ឌបានកោះហៅភាគីខាងក្រុមហ៊ុននិងប្រជាពលរដ្ឋចូលមកដោះស្រាយនៅសាលាខណ្ឌដោយថែមទាំងបានធ្វើកំណត់ហេតុកិច្ចប្រជុំថែមទៀតផង ។ ដំណោះស្រាយលើកទី១រវាងក្រុមហុ៑ននិងប្រជាពលរដ្ឋហាក់ដូចជាមិនទទួលបានផលជាវិជ្ជមានទៅតាមអ្វីដែលក្រុមហ៊ុនបានសន្យាជាមួយប្រជាពលរដ្ឋនោះឡើយ ។
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារ ដោះស្រាយបញ្ហាវិវាទរួមជាមួយការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និង ភូមិបាលខណ្ឌ ចុះទៅកាន់ទីតាំងការដ្ឋានសាងសង់ដើម្បីពិនិត្យមើលជាក់ស្តែង ដោយមានតំណាងក្រុមហុ៑នរួមនិងតំណាងប្រជាពលរដ្ឋចូលរួមផងដែរ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិចដីដំណាំ និងផ្ទះ ដោយពួកគាត់ចោទប្រកាន់ថា ទឹកជន់លិចនេះមិនមែនជាជំនន់ទឹកភ្លៀងតាមធម្មជាតិនោះទេ តែទឹកជំនន់ដែលបង្កឡើងដោយសារសកម្មភាពមនុស្ស ពោល គឺបង្កឡើងដោយសកម្មភាព ចាក់ដីរបស់ម្ចាស់បូរី ហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទុកផ្លូវទឹកសម្រាប់បង្ហូរទឹកចេញ ។ ប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរខណ្ឌជួយដោះស្រាយជាមួយក្រុមហុ៑ន គឺស្នើសុំអោយ ក្រុមហុ៑នដាក់ប្រព័ន្ធលូរំដោះទឹកចេញពីភូមិស្របទៅតាមស្តង់ដាបច្ចេកទេសនៃសំណង់និងដាក់ម៉ាសុីនសម្រាប់បូមទឹកចេញនៅពេលណាដែលមានទឹកជនលិច ។ លើសពីនេះទៀតស្នើសុំអោយក្រុមហ៊ុនចេញសំណងរាល់ការខូចផលដំណាំរបស់ពួកគាត់ផងដែរ ។
ពាក់ព័ន្ធនិងសំណូមពររបស់ប្រជាពលរដ្ឋតំណាងក្រុមហុ៑នមិនទាន់ធ្វើការបំភ្លឺបានទេដោយនិយាយថាជាប់រវល់ធ្វើកំណត់ហេតុជាមួយអាជ្ញាធរ៕
ដោយ ៖ សណ្តោស