ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អាណាព្យាបាល កុមារ ត្រូវនាំកូន ចៅ មកទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ ជូនកុមារអាយុ៣ឆ្នាំដល់ ៥ឆ្នាំ និង១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការហើយ នាព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២២នេះ ដោយមានអាណាព្យាបាល ឪពុក ម្តាយ ជីដូនជីតា នាំ កូន ចៅរបស់ពួកគាត់ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើន នៅ តាមទីតាំងដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ បានកំណត់រួច ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ និងដល់១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកចតុមុខ នៅមន្ទីរពេទ្យបង្អែកដង្កោ មានអាណាព្យាបាល ឪពុក ម្តាយ ជីដូនជីតា បាននាំ កូន ចៅ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើនកកកុញ។ ចំណែកនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងនិងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនទៀត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ នេះ បានដំណើរការព្រមៗគ្នា ជាមួយនឹងកុមារជាច្រើននាក់ទៅទទួលការចាក់វ៉ាក់សាំងនេះយ៉ាងកកកុញដូចគ្នាផងដែរ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូស មូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨កុម្ភៈ ២០២២ ដោយក្នុងសេចក្តីជូនដំណឹងនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអោយដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹកដល់ម៉ោង១៧០០នាទីរសៀ ល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ នៅតាមទីតាំងដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញនៅក្នុងខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ៕
ដោយ ៖ សំរិត