ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រឆាំងអ៊ុយក្រែនស្នើប្រធានាធិបតី Zelensky លាលែងចេញពីតំណែង

ចែករំលែក៖

នៅថ្ងៃទី២២ខែកុម្ភៈ គណបក្សប្រឆាំងអ៊ុយក្រែនបានចេញសេចក្តីប្រកាសអំពាវនាវដល់ប្រធានាធិបតី Volodymyr Zelensky លាលែងចេញពីតំណែង ។ គណបក្សប្រឆាំង មាន៤៤កៅអីនៅក្នុងរដ្ឋសភាអ៊ុយក្រែន បានប្រឆាំងលើគោលនយោបាយជាច្រើនរបស់រដ្ឋាភិបាលក្រោយការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤។
នៅក្នុងសេចក្តីប្រកាសរបស់គណបក្សប្រឆាំងបានបញ្ជាក់យ៉ាងច្បាស់ថា «ស្ថានភាពកាន់តែអាក្រក់នៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន គឺជាលទ្ធផលនៃការខ្វះសកម្មភាព ខ្វះចក្ខុវិស័យរបស់ប្រមុខដឹកនាំ ។ នៅក្នុងការបោះឆ្នោត ពលរដ្ឋ២/៣បានបោះឆ្នោតសម្រាប់សន្តិភាព ដោយមានបំណងចង់បង្រួបបង្រួម ជាមួយតំបន់Donbass ។ ប៉ុន្តែរដ្ឋាភិបាលដែលទទួលបានការទុកចិត្តពីពលរដ្ឋបែរជាមិនអាចធ្វើបានតាមការចង់បានរបស់ពលរដ្ឋ»។
គណបក្សប្រឆាំងអ៊ុយក្រែនបានបញ្ជាក់ថា រដ្ឋាភិបាលបានបរាជ័យចំពោះដំណើរការសន្តិភាព និងបង្រួបបង្រួមតំបន់Donbass ដូច្នេះ ប្រធានាធិបតីចាំបាច់ត្រូវតែលាលែងចេញពីតំណែង។ ការបរាជ័យរបស់រដ្ឋាភិបាល Volodymyr Zelensky មិនត្រូវទុកឱ្យក្លាយទៅជាការបរាជ័យរបស់ប្រទេសជាតិទាំងមូលនោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្នជាអតីតតារាកំប្លែងមកពីទីក្រុង Kryvyi Rih ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ ដោយលោកបានសន្យាថានឹងនាំមកនូវសន្តិភាពដល់តំបន់ Donbass ។ ប៉ុន្តែរយៈពេលជាង ២,៥ឆ្នាំហើយលោកមិនអាចបង្រួមបង្រួមជាតិបានទេ ផ្ទុយទៅវិញបានធ្វើឱ្យបាត់បង់តំបន់ Donbass ទាំងមូលក្រោយរុស្ស៊ីប្រកាសទទួលស្គាល់ពីឯករាជ្យភាពតំបន់នោះហើយបញ្ជូនទាហានទៅរក្សាសន្តិភាព៕

ដោយ៖ សាធី(រូបភាព៖ EPA)


ចែករំលែក៖