ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ នឹងលោក សុទ្ធសុជាតិ ចៅសង្កាត់រងទី២ បានដឹកនាំក្រុមការងារចុះសម្អាតសំរាមនៅចំណុចប្រឡាយមុខធនាគារABA តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានឲ្យដឹងថា ដោយសារតែសង្កេតឃេីញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់រក្សាអនាម័យបានល្អ បោះចោលសំរាម ដូចជាសំបកដបទឹកសុទ្ធ ចានជ័រ ថង់ប្លាស្ទិច តាមចិញ្ចេីមផ្លូវធ្វេីឲ្យសំរាមទាំងនោះហេីរឬធ្លាក់ចូលក្នុងប្រឡាយទឹកស្ទះនូវប្រព័ន្ធលូបង្ហូរទឹក ទេីបនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ នេះលោកនិង លោក សុទ្ធសុជាតិ ចៅសង្កាត់រងទី២ បានដឹកនាំក្រុមការងារ សង្កាត់ចុះប្រមូលសំរាមចេញជៀសវៀងស្ទះចរន្តទឹកហូរ ។
លោក ចៅសង្កាត់បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផ្ទាល់តែម្តងសូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវដេីម្បីអនាម័យទាំងអស់គ្នា និងជៀសផុតពីជំងឺទាំងពួង។
ក្នុងឱកាសនោះផងដែរ លោក បានផ្តាំផ្ញេីដល់បងប្អូនទាំងអស់ចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕
ដោយ៖សុខាសែនជ័យ