ខេត្តសៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុប ការងារបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅខេត្តសៀមរាប។
នៅក្នុងសន្និបាតរយៈពេលបីថ្ងៃនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបង្ហាញនិងពិភាក្សាគ្នាយ៉ាងផុលផុសដោយពិនិត្យលើសមិទ្ធផលដែលសំរេចបានក្នុង ឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រាជធានី-ខេត្ត និងអង្គការដៃគូសុខាភិបាល ដែលជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាសំដៅលុបបំបាត់ ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នាឆ្នាំ២០២៣។
លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៏ សម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ៖
• សូមជំរុញការអនុវត្តវិធីផ្តល់ថ្នាំបង្ការទុកជាមុន (IPTf) ទៅដល់ក្រុមគោលដៅប្រឈមខ្ពស់ (ចូលព្រៃ) ដើម្បីបង្ការការលេចចេញនូវករណីចម្លងថ្មីៗ ឬ បង្ការការចម្លងទៅអ្នកដទៃដែលនៅជិតខាង ឬតំបន់ក្បែរៗក្រុមគោលដៅប្រឈមខ្ពស់នោះ។
• បង្កើតក្រុមការងារអន្តរខេត្ត ឬអន្តរតំបន់ដែលមានហានិភ័យខ្ពស់ ឬនៅមានករណីគ្រុនចាញ់នៅឡើយ ដើម្បីរួមគ្នាសហការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជាក្របខណ្ឌតំបន់ នៅតាមតំបន់ផ្សេងៗគ្នាទូទាំងប្រទេស។
• ត្រូវពន្លឿនការបង្កើតក្រុមការងារខាងលើ ដោយធ្វើកិច្ចសហការណ៍ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ជាបែបអន្តរវិស័យ ដើម្បីទប់ស្កាត់ការឆ្លងដល់ភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តតាមបែបផ្សងព្រេងនៅតាមតំបន់ដែលមានការចម្លងជំងឺគ្រុនចាញ់។
• ត្រូវបង្កើនការងារផ្សព្វផ្សាយ អប់រំសុខភាព ជាពិសេសអំពីផលប្រយោជន៍នៃការចូលរួមអនុវត្តន៍ទទួលថ្នាំបង្ការទុកជាមុន និងវិធានការការពារផ្សេងៗទៀត ឱ្យបានទូលំទូលាយនៅតាមតំបន់ហានិភ័យនានា។
• ត្រូវបន្តការងារគ្រប់គ្រងព័ត៌មានអ្នកជំងឺគ្រុនចាញ់ ឱ្យបានហ្មត់ចត់ ដោយមានការតាមដានជាប់ជាប្រចាំ និងធ្វើការវាយតម្លៃវឌ្ឍនភាពការងារ ឱ្យបានទាន់ពេលវេលា
លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថាចំពោះជំងឺគ្រុនឈាម និងគ្រុនឈីក ឬជំងឺផ្សេងៗដែលឆ្លងតាមរយៈមូសខាំ៖
• ត្រូវបង្កើនការផ្សព្វផ្សាយពីចំណេះដឹងអំពីរោគសញ្ញា វិធីបង្ការ និងការស្វែងរកព្យាបាលឱ្យបានទាន់ពេលវេលា។
• ពង្រីកសមត្ថភាពការគ្រប់គ្រងជំងឺគ្រុនឈាម គ្រុនឈីក ឬជំងឺផ្សេងៗដែលអាចកើតមានដោយសារមូសខាំ ជូនដល់មន្រ្តីសុខាភិបាលនៅគ្រឹះស្ថានសុខាភិបាលសាធារណៈនិង សេវាឯកជន។
• សូមឱ្យមានការបន្តសហការពីដៃគូអភិវឌ្ឈន៍ ដើម្បីបន្តពង្រីកការងារអប់រំសុខភាពតាមសហគមន័ ដោយពង្រឹង និងពង្រីកការងារថែទាំសុខភាពបឋមនៅតាមសហគមន៍ ដើម្បីបន្តបង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាជនក្នុងការកាត់បន្ថយប្រភពមូសខ្លា និងការមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឱ្យបានទាន់ពេលវេលា ព្រមទាំងចូលរួមការពារពីការកកើតឡើងនូវជំងឺដង្កាត់ផ្សេងៗទៀត ទាំងជំងឺឆ្លង និងជំងឺមិនឆ្លងនៅតាមសហគមន៍។
• ការលុបបំបាត់ជម្រកមូសខ្លា នៅតែជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ នៅតាមមូលដ្ឋាននៃ បណ្តាខេត្តនានា ដើម្បីកាត់បន្ថយការកកើតឡើងច្រើនពេកនូវភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងជំងឺផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។
ចំណែកឯកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន
• បន្តរក្សាអត្រាគ្របដណ្តប់ផ្តល់ថ្នាំទំលាក់ព្រូន ដល់ប្រជាជនគោលដៅអោយបាន ៩០% យ៉ាងតិច និងបន្តការអប់រំសុខភាពនៅតាមសាលារៀន រោងចក្រ សហគ្រាស និងសហគមន៍ជាដើម អោយបានទៀងទាត់ផងដែរ៕
ដោយ ៖ សិលា