ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានថា, រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ក៏ដូចជាការចេញសេចក្ដីថ្លែងការណ៍ផ្សេងៗចោទប្រកាន់មកលើសមត្ថកិច្ច នៃរដ្ឋបាលរាជធានីភ្នំពេញ ថាបានប្រើប្រាស់ស្តង់ដារពីរចំពោះការអនុវត្តវិធានសុខាភិបាលទៅលើក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ព្រមទាំងចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ លើស្រ្តីជាក្រុមបាតុករ ការប្រើអំពើហិង្សាលើក្រុមបាតុករ និងការចោទប្រកាន់ផ្សេងៗទៀត។
ដើម្បីចៀសវាងកុំឱ្យសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាសេចក្ដី ថ្លែងការណ៍ ដែលមិនឆ្លុះបញ្ចាំងអំពីការពិត តថភាពជាក់ស្ដែង មានចេតនាទុច្ចរិត មានគោលបំណងផ្សេង ដើម្បីកេងចំណេញពីការអនុវត្តវិធានសុខាភិបាល ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅលើក្រុមបាតុករ រដ្ឋបាលរាជធានីភ្នំពេញសូមគូសបញ្ជាក់ថា កន្លងមកការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់បានខិតខំមិនថាយប់ថ្ងៃ មិនគិតពីការនឿយហត់ ចាត់វិធានការគ្រប់បែបយ៉ាង មានទាំង វិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹង និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា ដោយកម្រឈានដល់ការប្រើប្រាស់វិធានការច្បាប់។ ជាក់ស្ដែងក្នុងកំឡុងពេលបិទខ្ទប់តំបន់មួយចំនួន ក៏ដូចជា ភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានចាត់វិធានការច្បាប់ដោយមិនលំអៀង ធ្វើការផាកពិន័យអន្តរការណ៍ជាប្រាក់ចំពោះជនមួយក្តាប់តូច ដែលពុំបានចូលរួមអនុវត្តវិធានសុខាភិបាលឱ្យ បានត្រឹមត្រូវផងដែរ។
ចំពោះករណី ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដែលបានធ្វើ បាតុកម្មខុសច្បាប់តាមទីសាធារណៈអស់រយៈពេល ៤៧ថ្ងៃ បង្កនូវភាពអសន្តិសុខ អសណ្តាប់ធ្នាប់ គ្មាន របៀបរៀបរយសាធារណៈ បង្កការកកស្ទះចរាចរណ៍ ព្រមទាំងរំខានដល់ការប្រកបរបរអាជីវកម្ម ប្រកបកិច្ច ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានព្យាយាមពន្យល់ អប់រំ ណែនាំ ដើម្បីឱ្យ ក្រុមបាតុករមានការភ្ញាក់រលឹក បញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់ ដោយពុំបានចាត់វិធានការរដ្ឋបាល ឬវិធានការ ច្បាប់ភ្លាមៗនោះទេ។ រហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញស្ត្រីម្នាក់ជា ក្រុមបាតុករមានវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ហើយតម្រូវឱ្យបាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើ តេស្តរកវីរុសកូវីដ-១៩នៅតំបន់កោះពេជ្រ។ ទោះបីជាបាតុករមួយចំនួន ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ក្រុមបាតុករនៅតែព្យាយាមលាក់បាំងព័ត៌មានអំពីសមាជិកខ្លួន ហើយរឹងរូសមិនព្រមចូលរួម យកសំណាកតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេដឹកនាំ ចំនួន ០៤នាក់ ដែលបានញុះញង់មិនឱ្យក្រុមបាតុករទៅយកសំណាក ទើបនៅថ្ងៃទី៥-៦-៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករចំនួន ៨៧៩នាក់ បានទៅយកសំណាកនៅកោះពេជ្រ ក្នុងនោះមានចំនួន ៤១នាក់ រកឃើញ ថាមានវិជ្ជមានកូវីដ-១៩ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក និងយកសំណាកលើកទីពីរ។ ប៉ុន្តែការយកសំណាក លើកទីពីរ មានក្រុមបាតុករចំនួនតែ ៥៥៧នាក់ប៉ុណ្ណោះ បានចូលរួមយកសំណាក ហើយក្នុងនោះបានរក ឃើញវិជ្ជមានចំនួន ៧២នាក់។ នៅសល់ក្រុមបាតុករប្រមាណជាង ៣០០នាក់ទៀត មិនទាន់បានយក សំណាកលើកទីពីរ ស្រាប់តែក្រុមបាតុករបានធ្វើការប្រមូលផ្ដុំសារជាថ្មី ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែ ចាត់វិធានការសុខាភិបាលបន្តទៀត។ ត្រង់ចំណុចនេះ ប្រសិនបើអាជ្ញាធរមិនបានចាត់វិធានការទាន់ពេលវេលា នោះទេ ម៉្លេះក្រុមបាតុករទាំងអស់គ្នានឹងមានវិជ្ជមានកូវីដ-១៩ សមាជិកក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ តើនឹងឆ្លងដល់កម្រិតណា? នេះជាហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ទាំងមូលដែលតម្រូវឱ្យចាត់វិធានការ សុខាភិបាលថែមទៀត ព្រោះការយកសំណាកលើកទីពីរនៅតែរកឃើញមានករណ៍វិជ្ជមាន។
ចំពោះការអញ្ជើញក្រុមបាតុករទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានរកឃើញករណ៏វិជ្ជមានជាបន្តបន្ទាប់ក្នុងជួរបាតុករទាំងនោះ។ នេះសរបញ្ជាក់ ឱ្យឃើញថា ក្រុមបាតុករទាំងនោះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យនោះទេ។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការជាបន្តបន្ទាប់រហូតធានាបានថា ក្រុមបាតុករទាំងអស់នោះពុំមានករណី វិជ្ជមានកូវីដ-១៩ ទើបអនុញ្ញាតឱ្យមានការប្រមូលផ្ដុំនៅតាមទីសាធារណៈ ស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី និងវិធានសុខាភិបាលផ្សេងទៀតដែលបានដាក់ចេញ។
រឿងដែលគួរឱ្យហួសចិត្តបំផុតនោះ គឺការខិតខំបញ្ចេញព័ត៌មាន និងសេចក្ដីថ្លែងការណ៍នានាចោទ ប្រកាន់មកលើអាជ្ញាធរថាបានប្រើអំពើហិង្សា រួមនឹងការបៀតបៀនផ្លូវភេទទៅលើស្ត្រីជាក្រុមបាតុករ។ តើវាអាច ទៅរួចដែរឬទេ ដែលថាអាជ្ញាធរអាចប្រព្រឹត្តនូវទង្វើអសីលធម៌ដូចការចោទប្រកាន់ នៅចំពោះមុខមនុស្សម្ន អាជីវករ អ្នកធ្វើដំណើរ នៅទីប្រជុំជនជាច្រើននាក់ដែលមានកាមេរ៉ាទូរស័ព្ទគ្រប់ដៃ ក៏ដូចជាសមត្ថកិច្ចដទៃទៀត ដែលកំពុងបំពេញភារកិច្ចនៅតាមទីសាធារណៈនោះ? ករណីនេះ ត្រូវតែមានភស្តុតាងច្បាស់លាស់ ដើម្បីមាន មូលដ្ឋានចាត់វិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តខុស ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ត្រង់ចំណុចនេះ រដ្ឋបាលរាជធានីភ្នំពេញចង់បញ្ជាក់បន្ថែមទៀតថា ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏អាជ្ញាធរនៅតែបន្ត អត់ធ្មត់គ្រប់បែបយ៉ាង ដោយគ្មានការតបត ទោះបីជាក្រុមបាតុករបានប្រើប្រាស់ពាក្យសំដីមិនគួរគប្បី អាកប្បកិរិយាមិនសមរម្យ ថតរូបភាពខុសពីការពិតបង្ហោះចោទប្រកាន់មកលើអាជ្ញាធរក៏ដោយ ជាក់ស្ដែង ក្រុមគ្រូពេទ្យបានព្យាយាមអង្វរក រហូតដល់លត់ជង្គង់ស្នើសុំឱ្យក្រុមបាតុករយកសំណាកធ្វើតេស្តរកមេរោគ កូវីដ-១៩ ក៏សុខចិត្តធ្វើដែរ ធ្វើយ៉ាងណាឱ្យតែទប់ស្កាត់បានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍នៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកចេញសេចក្ដីថ្លែងការណ៍ផ្ទុយពី ការពិតនានា ងាកមកធ្វើសកម្មភាពស្របតាមវិជ្ជាជីវៈ លក្ខន្តិកៈ ហើយបញ្ឈប់ជាបន្ទាន់ការចេញផ្សាយនានា នូវព័ត៌មានគ្មានតុល្យភាព មានចរិតបំភ្លៃ បំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម ក្រោមការរៀបរៀង ដោយអ្នកដឹកនាំរឿងដដែលៗដែលរង់ចាំតែកេងប្រវ័ញ្ចពីព្រឹត្តិការណ៍នានាដោយគ្មានការពិត ក្នុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលកំពុងបំពេញកិច្ចការ យ៉ាងសស្រាកសម្រាំប្រចាំថ្ងៃ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
រដ្ឋបាលរាជធានីភ្នំពេញ ជឿជាក់យ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងមិនជឿលើការផ្សព្វផ្សាយ
ព័ត៌មានអកុសល គ្មានការពិត បែបញុះញង់ បង្កអស្ថិរភាព ហើយបន្តក្តាប់ព័ត៌មានពិតពីការផ្សាយប្រកបដោយ វិជ្ជាជីវៈ និងព័ត៌មាននានាចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា