ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋប្រទះឃើញម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ មួយគ្រឿង ត្រូវបានគេយកមកប្លុងចោលជាច្រើនម៉ោងនៅតារាងបាល់ទះមួយកន្លែងហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យយកទៅរក្សាទុក ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតក្នុងបុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូដែលប្រជាពលរដ្ឋប្រទះឃើញប្លុងចោលនេះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV4426 ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះ បានឲ្យដឹងថា នៅពេលក្បាលព្រលប់ គឺមានប្រុសៗមួយក្រុមបានជិះម៉ូតូជាច្រើនគ្រឿងនាំគ្នាមកលេងបាល់ទះនៅតារាងខាងលើ លុះដល់មេឃងងឹតក៏ស្រាប់តែក្រុមបុរសៗទាំងនោះឈប់លេង ហើយក៏បាននាំគ្នីគ្នាជិះម៉ូតូចេញទៅបាត់អស់ទៅ ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ មួយគ្រឿង ហើយមិនឃើញមានម្ចាស់មកយកនោះទេ ។ ដោយសារតែពួកគាត់អង្គុយចាំមើល ក្រែងមានម្ចាស់មកយកវិញ ប៉ុន្តែចេះតែចាំបាត់ៗ មិនឃើញមានអ្នកណាមកយកសោះ ទើបពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះទៅទទួលយកម៉ូតូនោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្តង ។
ជាមួយគ្នានោះដែរសមត្ថកិច្ចយើងក៏បានសំណូមពរ បើមានបងប្អូនប្រជាពលរដ្ឋណាភ្លេចម៉ូតូ ឬក៏បាត់ម៉ូតូដូចភិនភាគខាងលើនេះ សូមទៅមើលនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ស្ថិតក្នុងខណ្ឌដង្កោ និងយកឯកសារពាក់ព័ន្ធទៅជាមួយផង ទើបសមត្ថកិច្ចប្រគល់ម៉ូតូជូនវិញ ៕
ដោយ៖ជ្រោយពេជ្រ