ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃប្រុសស្រី០២នាក់ជួញដូរគ្រឿងញៀនត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យ ជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឃាត់ខ្លួនជនជនជាតិថៃប្រុសស្រីចំនួន០២នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត 

លោក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន  បានឲ្យដឹងថា៖ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានករណីជួញដូរ នឹងប្រើប្រាស់ថ្នាំញៀន នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យលោកដឹកនាំ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ  បានចុះប្រតិបត្តិការស្រាវជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យខាងលើរក្សាទុកនិងជួញដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជា​ជនជាតិថៃចំនួន២នាក់/ស្រី០១នាក់៖  ១/-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី   ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិ ថៃ), ២/-ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ) ។

លោកស្នងការរងបានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងដកហូតបានវត្ថុតាងមាន៖១/-ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥,២/-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ ​សរុបចំនួន២៩២០ គ្រាប់,៣/-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់ ,៤/- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥/- កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន០២គ្រឿង,ដែកកេះមួយចំនួន។

លោក ធិន ស៊ិនដេត បានបន្តឲ្យដឹងទៀតថា៖ជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖