ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួនពីផ្ទះ៣យប់ប្រទះឃើញសពអណ្តែតទឺកទន្លេសាបនៅគីឡូម៉ែត្រលេខ៦

ចែករំលែក៖

   ភ្នំពេញ៖ សពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកទន្លេសាប បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល៣យប់មក។ 

  ហេតុការណ៍ប្រទះឃើញសាកសពនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង១៥នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចច្រាំងទន្លេសាបស្ថិតក្នុងក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   សពបុរសរូបនោះត្រូវបានក្រុមគ្រួសារឱ្យដឹងថា ឈ្មោះ បូ ណារិទ្ធ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ៩៤H ផ្លូវផ្សារឆេកូ ភូមិ  ក្រោលគោ  សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   តាមនគរបាលឱ្យដឹងថា សពបុរសនោះ បានអណ្តែតរសាត់តាមខ្យល់មកទើរនឹងកំប្លោកនៅច្រាំងទន្លេ ហើយត្រូវបាន ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ប្រទះឃើញក៏រាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ស្រង់យកមកដាក់លើច្រាំងដើម្បីត្រួតពិនិត្យ ។

   តាមស្រ្តីឈ្មោះ ទន់ សុផាន់ណា អាយុ៣៣ឆ្នាំ ជាកម្មការិនីកាត់ដេរត្រូវជាប្រពន្ធសពបានរៀបរាប់ទាំងយំសោកឱ្យដឹងថា  ប្តីរបស់គាត់មានជំងឺប្រចាំកាយ  ហើយបានចេញពីផ្ទះនៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយមិនដឹងទៅណានោះទេ ។បន្ទាប់ពីបាត់ខ្លួនប្តី ព្រឹកឡើងគាត់ក៏បានទៅរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ផងដែរ ។លុះរំលងបាន៣យប់ស្រាប់តែ គាត់ទទួលដំណឹងថា មានសពអណ្តែតទឹកក៏បានមកមើល ទើបដឹងថាជាសពប្តីរបស់គាត់។

    តាមការត្រួតពិនិត្យរបស់នគរបាលជំនាញបានឱ្យដឹងថា សពបានស្លាប់ដោយសារតែលង់ទឹក ។  ទោះបីជាយ៉ាងណា គេពុំដឹងថាបុរសរូបនោះលោតទឹកសម្លាប់ខ្លួន ឬក៏រអិលធ្លាក់ទឹកស្លាប់នោះឡើយ។

    សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឧត្តរាវតី ដែលស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖