កន្លងមកប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះបណ្តាប្រទេសដែលសន្យាជួយដល់អ៊ុយក្រែន ។
ប៉ុន្តែក្នុងពេលរុស្ស៊ីវាយប្រហារ ទាំងប្រទេសតំបន់អឺរ៉ុប អាមេរិក ស្ងាត់ឱ្យឈឹង មិនហ៊ានមកជួយតតាំងជាមួយរុស្ស៊ីនោះឡើយ។ អ្វីដែលអាមេរិក អឺរ៉ុបជួយបាននាពេលនេះគឺទទួលជនភៀសខ្លួនអ៊ុយក្រែន ក្នុងនោះក៏មានថ្នាក់ដឹកនាំផងដែរ។
ពេលនេះអាមេរិកនិងអឺរ៉ុបបានត្រឹមតែដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីប៉ុណ្ណោះ ហើយការដាក់ទណ្ឌកម្មនោះមិនអាចជួយដល់ប្រទេសអ៊ុយក្រែនឱ្យរួចផុតពីការវាយប្រហារពីរុស្ស៊ីនោះឡើយ។ មនុស្សមួយចំនួនបានលើកឡើងថា តើការដាក់ទណ្ឌកម្មរុស្ស៊ី មានប្រយោជន៍អ្វី បើទឹកដីអ៊ុយក្រែនធ្លាក់ក្នុងដៃរុស្ស៊ីហើយនោះ ។ ការដាច់ទណ្ឌកម្មនោះអាចយកបានមកវិញដែរឬទេ? តំបន់គ្រីមៀជា ឧទាហរណ៍ រុស្ស៊ីគ្រប់គ្រងតាំងពីឆ្នាំ២០១៤ លោកខាងលិចបានត្រឹមតែដាក់ទណ្ឌកម្ម គ្រីមៀនៅតែជារបស់រុស្ស៊ីដដែល។
ក្នុងពេលនេះរដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងជួយជម្លៀសប្រធានាធិបតី Volodymyr Zelensky ចេញពីប្រទេសអ៊ុយក្រែនក្នុងពេលចាំបាច់។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនប្រកាសមិនចាកចេញពីរដ្ឋធានីនោះឡើយ គឺនៅបន្តតស៊ូទប់ទល់ការឈ្លានពានពីរុស្ស៊ី ក្នុងពេលដែលទាហានរុស្ស៊ីបានឡោមព័ទ្ធនៅជុំវិញរដ្ឋធានី គៀវ។
ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា«យើងខ្ញុំនៅទីនេះ …កម្លាំងទាហាននៅទីនេះ មិនបោះបង់ចោលរដ្ឋធានីនិងពលរដ្ឋនោះឡើយ»។ ក្នុងពេលនេះទាហានរុស្ស៊ីវាយលុកចូលតំបន់ភាគខាងជើង និងភាគខាងកើតរដ្ឋធានីគៀវហើយ បង្កឱ្យមានការខូចខាតយ៉ាងដំណំ។ ស្នូរអាវុធ ការផ្ទុះខ្លាំងៗ បានចាប់ផ្តើមតាំងពីព្រឹកថ្ងៃទី ២៦ខែកុម្ភៈ៕ ដោយ៖ ធីរីណា
រូបថត៖Getty Images