ព័ត៌មានទាន់ហេតុការណ៍៖

ជាងជួសជុលម៉ូតូម្នាក់ជិះម៉ូតូ បត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុកពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជាជាងជួសជុលម៉ូតូម្នាក់រងរបួសធ្ងន់ខណ:ជិះម៉ូតូហុងដា ស៊េរី២០២២ បត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តប្រភេទទេសចរណ៍ បុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១  ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះ សំ សន អាយុ៦០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ  រស់នៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០២២ពណ៌ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង ១R.៧៦៥១ ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានបើករថយន្តប្រភេទទេសចរណ៍ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣C.០៤៨៤ ទុកចោលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង(ហ្គីហ្គារីសស)ស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០២២ពណ៌ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង ១R.៧៦៥១ លើផ្លូវជាតិលេខ ១  ដោយធ្វើដំណើរពីលិចទៅកើត ខណៈនោះស្រាប់តែបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣C.០៤៨៤បុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយក ទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្វាយទាបនិងធ្វើការវាស់វែងមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖