ភ្នំពេញ៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការការអន្តរជាតិ បានឲ្យអ្នកសារព័ត៌មានដឹងថា បច្ចុប្បន្នមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ដែលកំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេនៅ Kharkov ចំនួន ៧នាក់ នៅតំបន់ Kyiv ១១នាក់ និងនៅ Odessa ៥នាក់។
អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការការអន្តរជាតិ លោក ជុំ សន្ទរី បានឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ថ្វីត្បិតតែសង្គ្រាមបានធ្វើឲ្យពួកគេជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅ ជាពិសេសសំរាប់តំបន់ Kyiv តែពួកគាត់ទាំងអស់គ្នាមានសុវត្ថិភាពជាធម្មតាទេ ទន្ទឹមនឹងនោះក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខផងដែរ ទើប ខាងក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បន្តតាមដាន ពីសុវត្ថិភាពប្រជាពលរដ្ឋខ្មែរជានិច្ច។
លោកបន្ថែមថា៖ «រហូតពេលនេះ ការវាយប្រយុទ្ធគ្នា នៅមិនទាន់រាលដាលដល់តំបន់ដែលពួកគាត់រស់នៅនៅឡើយទេ។ ខ្ញុំបានសំរបសំរួលអោយមានទំនាក់ទំនងរវាងពលរដ្ឋខាងលើ ក្នុងនាមតំណាងអោយពលរដ្ឋទាំង ២៣គ្រួសារ ជាមួយស្ថានទូតកម្ពុជានៅទីក្រុងម៉ូស្គូរួចហើយ»។
បើតាមលោក ជុំ សន្ទរី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី នឹងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់។
ដោយឡែក នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ Anitkabir និងបានចុះហត្ថលេខាលើសៀវភៅកិត្តិយស Anitkabir ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម នៅប្រទេសតួកគី។
សូមបញ្ជាក់ថា, កុំថាឡើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ព្រួយបារម្ភពីប្រជាពលរដ្ឋខ្លួនឯង នៅប្រទេសរុស្សុី ប្រជាជនជាច្រើននាក់បានដើរប្រមូលផ្តុំគ្នា មិនអោយមេដឹកនាំរបស់ខ្លួនធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែនឡើយ ៕
ដោយ ៖ សិលា