ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ផលិត និងចែកចាយទឹកស្អាតសហគមន៍ព្រះរំកិល ជាជំនួយរបស់អង្គការផ្លែនអន្តរជាតិ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹក​ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ផលិត និងចែកចាយទឹកស្អាតសហគមន៍ព្រះរំកិលដែលមានកម្រិតទុនវិនិយោគ ១០៧.៩០៦,៧៨ដូល្លាអាមេរិច ដែលជាជំនួយរបស់អង្គការផ្លែនអន្តរជាតិ តាមរយៈអង្គការវឌ្ឍនភាព។

ពិធីនេះមានការអញ្ជេីញចូលរួមសំណាក់​ អភិបាលរងខេត្ត​ លោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ​ មន្ទីរអង្គភាពមួយចំនួន​ លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការផ្លែអន្តរជាតិ លោក ស្រិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន​ និងប្រជាពលរដ្ឋជាច្រេីននាក់ទៀត។ 

ស្ថានីយ៍នេះមានលទ្ធភាពផ្គត់ផ្គង់ទឹកបានចំនួន០៥ភូមិដែលនៅលើគោកនៃឃុំព្រះរំកិលរួមមាន៖​ ភូមិអន្លង់ស្វាយ ភូមិលើ ភូមិកណ្តាល ភូមិក្រោម និងភូមិក្រឡាពាសក្នុងបរិមាណ​៧០០គ្រួសារ ចាប់ពីខែមករា ឆ្នាំ២០២២ មកពេលនេះសហគមន៍គ្រប់គ្រងស្ថានីយ៍បានតភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋប្រើប្រាស់បាន​ ៣២៣បណ្តាញ និងបានកំពុងខិតខំពង្រីកការតភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋតាមការស្នើសុំជាបន្តបន្ទាប់។​ ជាមួយគ្នានេះដែរក៍មានការចែកអំណោយកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋចំនួន៨០គ្រួសារ និងសម្ភារៈសិក្សាជូនប្អូនៗសិស្សានុសិស្សចំនួន៥០នាក់ ដោយឡែកអង្គការវឌ្ឍនភាពបានឧបត្ថម្ភម៉ូតូ០១គ្រឿង​ ជូនសហគមន៍គ្រប់គ្រងទឹកស្អាតដើម្បីប្រើប្រាស់ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖