ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិប៉ូឡូញនឹងមិនប្រកួតជម្រុះ World Cup វគ្គ Play-Off ជាមួយរុស្ស៊ីឡើយ

ចែករំលែក៖

ប្រធានសមាគមកីឡាបាល់ទាត់ប៉ូឡូញលោក Cezary Kulesza បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈថា ប្រទេសប៉ូឡូញ នឹងមិនប្រកួតបាល់ទាត់ជម្រុះ World Cup ជាមួយរុស្ស៊ីនៅខែក្រោយ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក Kulesza បានបន្តថា សមាគមកំពុងពិភាក្សាជាមួយសមភាគីស៊ុយអែត និងឆេករបស់ខ្លួនទាក់ទងនឹងការប្រកួតជម្រុះដែលកំណត់សម្រាប់ខែមីនាដើម្បីបំពេញកាលវិភាគសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។

លោក Kulesza បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពេលវេលាសម្រាប់ការនិយាយគឺចប់ហើយ វាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។ ដោយសារតែការកើនឡើងនៃការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីនៅអ៊ុយក្រែន ក្រុមប៉ូឡូញមិននឹកស្មានថានឹងលេងវគ្គ play-off ទល់នឹងរុស្ស៊ីទេ។ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវតែមួយគត់ ហើយយើងកំពុងពិភាក្សាជាមួយសមាគមស៊ុយអែត និងឆេក ដើម្បីបង្ហាញជំហររួមមួយទៅកាន់ FIFA

សហព័ន្ធទាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ដោយទាមទារឱ្យ FIFA ផ្លាស់ប្តូរការប្រកួតវគ្គ Play-off រៀងៗខ្លួនពីប្រទេសរុស្ស៊ី។

កីឡាករបាល់ទាត់ឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski បានបង្ហោះសារកាលពីថ្ងៃសុក្រថា គាត់នឹងពិគ្រោះជាមួយមិត្តរួមក្រុមរបស់គាត់អំពីការប្រកួត និងការបដិសេធរបស់គាត់ចំពោះសង្គ្រាម។

គាត់បាននិយាយថា អ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនៅក្នុងកីឡាគឺប្រឆាំងនឹងអ្វីដែលសង្រ្គាមនាំមកនូវវសន្តិភាព សម្រាប់មនុស្សទាំងអស់ដែលឲ្យតម្លៃលើសេរីភាព និងសន្តិភាព នេះគឺជាពេលវេលានៃសាមគ្គីភាពជាមួយជនរងគ្រោះនៃការឈ្លានពានយោធានៅអ៊ុយក្រែន

កីឡាកររូបនេះបន្តថា “ក្នុងនាមជាប្រធានក្រុមជម្រើសជាតិ ខ្ញុំនឹងនិយាយជាមួយមិត្តរួមក្រុមរបស់ខ្ញុំអំពីការប្រកួតជាមួយរុស្សុី ដើម្បីដោះស្រាយជំហររួមលើសំណួរនេះ ហើយបង្ហាញវាទៅប្រធានសមាគមបាល់ទាត់ប៉ូឡូញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រដោយការផ្លាស់ប្តូរទីក្រុង Saint Petersburg ដែលគ្រោងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅថ្ងៃទី២៨ ខែឧសភា ទៅធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំងវិញ

សូមបញ្ជាក់ថា តាមកាលវិភាគរបស់ FIFA រុស្សុីនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិប៉ូឡូញក្នុងការប្រកួតជម្រុះ World Cup វគ្គ Play-Off របស់ខ្លួននៅថ្ងៃទី២៤ ខែមីនា ហើយប្រសិនបើក្រុមរុស្ស៊ីឈ្នះនឹងគ្រោងប្រកួតជាមួយក្រុមស៊ុយអែត ឬសាធារណរដ្ឋឆេកនៅថ្ងៃទី២៩ខែមីនា ក្នុងវគ្គផ្តាច់ព្រ័ត្រ Play-Off ដើម្បីដណ្តើមកៅអីទៅកាន់ការប្រកួត World Cup នៅកាតា ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖