ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមនឹងគ្រឿងញៀនជាង៥គីឡូក្រាមត្រូវបានកម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបទីតាំងកែច្នៃ ជួញដូរគ្រឿងញៀននៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ Su Yunshi ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិចិន ស្នាក់នៅទីតាំងខាងលេីនេះ។
ក្នុងប្រតិបត្តិការនោះដែរ គឺអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀនដែលយើងទេីបទទួលបាននៅថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦ៈ៣០នាទី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតកំណត់មុខសញ្ញាច្បាស់លាស់ រួចបានចុះបង្រ្កាប និងឃាត់ខ្លួនមនុស្សម្នាក់នៅចំណុចខាងលេីនេះតែម្តង។
ជាក់ស្ដែងសមត្ថកិច្ចជំនាញចាប់យកវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (WY) ទម្ងន់២គីឡូក្រាម៦៦៦ក្រាម, អុិចស្តាស៊ី (MDMA) ទម្ងន់២គីឡូក្រាម ៦៥១.៥១ក្រាម។ កេតាមីន(KETAMIN) ទម្ងន់២១៩.៣៥ក្រាម, នីមេតាហ្សេប៉ាម(4CEC) ទម្ងន់៣៥.៦៤ក្រាម។
សរុបសារធាតុញៀនទាំងអស់មានទម្ងន់សុទ្ធ៥គីឡូក្រាម៥៧២.៥០ក្រាម, កញ្ឆាក្រៀម៤គីឡូក្រាម៥៤២ក្រាម, សារធាតុផ្សំ១៣គីឡូក្រាម និងឧបករណ៍កែច្នៃមួយចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ ស សម