ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយ រូបភាពពីកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូបង្ហាញវត្តមាននៅទីក្រុងមូស្គូ ឆ្ពោះទៅកាន់គោលដៅ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលសង្គ្រាមវាយប្រហារអ៊ុយក្រែនកំពុងតែតានតឹងខ្លាំងឡើង។
នៅលើបណ្តាញសង្គមក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ខែកុម្ភៈ គេបានបង្ហាញរូបភាពជាច្រើនស្តីពីមីស៊ីល ICBM RS-24 “Yars” បំពាក់ក្បាលគ្រាប់បរមាណូបើកបរលឿនតាមផ្លូវនៅជាយក្រុងមូស្គូ ។ មនុស្សមួយចំនួនបានលើកឡើងថា សកម្មភាពខាងលើគឺជាប់ពាក់ព័ន្ធជាមួយស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។
មីស៊ីលខាងលើរបស់រុស្ស៊ីអាចបំពាក់ក្បាលគ្រាប់បរមាណូបានដល់ទៅ៣-៦គ្រាប់ វាយប្រហារដោយឯករាជ្យ មានកម្លាំងបំផ្លាញចាប់ពី ១៥០ដល់៥០០គីឡូតុង អាចកម្ទេចគោលដៅនៅចម្ងាយ ១១.០០០គីឡូម៉ែត្រគឺដល់ទឹកដីអាមេរិក។
ក្នុងពេលនេះដែរប្រមុខប្រតិភូរុស្ស៊ីដឹកនាំកិច្ចចរចាជាមួយអ៊ុយក្រែន បាននិយាយនៅថ្ងៃទី២៧ខែកុម្ភៈថា ភាគីទីក្រុងមូស្គូ នឹងរង់ចាំចម្លើយពីទីក្រុងកៀវ រហូតដល់ម៉ោង១២៖០០នាទីយប់នេះ (ម៉ោងនៅបេឡារូស) ជុំវិញកិច្ចចរចាក្នុងទីក្រុងហ្គូមែល (Gomel) គឺចរចាឬអត់?
ប្រតិភូរុស្ស៊ីមួយក្រុមបានធ្វើដំណើរទៅដល់ប្រទេសបេឡារូសហើយនៅថ្ងៃអាទិត្យនេះដើម្បីបើកកិច្ចចរចាជាមួយអ៊ុយក្រែន នៅចំពោះមុខសង្រ្គាមកាន់តែក្ដៅគគុក។ វាអាចនឹងក្លាយជាកិច្ចចរចាលើកដំបូងរវាងរុស្ស៊ី នឹងអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបើកប្រតិបត្តិការយោធាកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបដិសេធការរៀបចំកិច្ចចរចានៅក្នុងទីក្រុងហ្គូមែល ដោយចោទថាបេឡារូស កំពុងចូលដៃចូលជើងជាមួយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោកបន្ថែមថា អ៊ុយក្រែននៅតែបើកចំហទ្វារចរចាជាមួយរុស្ស៊ី និងចង់បានសន្តិភាព តែស្នើឱ្យរៀបចំកិច្ចចរចានៅប្រទេស ឬទីតាំងផ្សេងក្រៅពីបេឡារូស៕ ដោយ៖ ធីរីណា
រូបថត៖ Izvestia
រូបភាព៖ Getty Images