ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យមានជំងឺប្រចាំកាយបានសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងចោលប្រពន្ធនិងកូន។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះសុខ សុវណ្ណ អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា រាល់ថ្ងៃនេះជនរងគ្រោះមានជំងឺងងឹតភ្នែកជាច្រើនឆ្នាំមកហើយដោយព្យាបាលមិនជាសោះ។ មុនពេលកើតហេតុជនរងគ្រោះតែងតែនិយាយប្រាប់ក្រុមគ្រួសារថាតូចចិត្តខ្លួនឯងណាស់ ដោយសារតែជំងឺងងឹតភ្នែករបស់គាត់ព្យាបាលមិនជា និងរកធ្វើអ្វីមិនកើតនឹងគេសោះ ហើយគ្រួសារតែងតែនិយាយលួងលោមទៅរូបគាត់ជារឿយៗផងដែរ។ នៅមុនពេលកើតហេតុនាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ជនរងគ្រោះបានចូលទៅសម្រាកដូចសព្វដង ស្រាប់តែនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈក៏ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនជាប់នឹងសំយាបផ្ទះស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការហ៊ុមព័ទ្ធនៅជុំវិញទីតាំងកើតហេតុ និងបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចក្ខុរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ជនរងគ្រោះដែលស្ថិតនៅកន្លែងកើតហេតុខាងលើ៕
ដោយ៖ និនសុភ័ស្ត