ភ្នំពេញ ៖ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា តំណាងអយ្យការបានចោទប្រកាន់ជនជាតិចិនម្នាក់ពីបទ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ តាមមាត្រា ៣៩ មាត្រា៤០ និងមាត្រា ៤៥នៃច្បាប់ស្ដីពីការង្រួតពិនិត្យគ្រឿងញៀន ។
ជនជាប់ចោទឈ្មោះ Su Yunshi ភេទប្រុស អាយុ៤០ ឆ្នាំ ស្នាក់នៅបន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអះអាងថា ជនជាប់ចោទត្រូវបានបញ្ជូនទៅឃុំខ្លួនរួចហើយក្រោយពីចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួន ។
កាលពីថ្ងៃទី ២២កុម្ភៈ ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខ១២ បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នោះតែម្តង សមត្ថកិច្ចបានឆែកឆេ និងឃាត់ខ្លួនជនជាតិចិនម្នាក់ និងចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទ.មេតំហ្វេតាមីន (WY) ទម្ងន់ ២ គីឡូ ៦៦៦ ក្រាម ។
.សារធាតុញៀនប្រភេទ.អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២ គីឡូ ៦៥១.៥១ក្រាម ។
.សារធាតុញៀនប្រភេទ.កេតាមីន(KETAMIN)ទម្ងន់២១៩.៣៥ ក្រាម ។
.សារធាតុញៀនប្រភេទ.នីមេតាហ្សេប៉ាម(4CEC) ទម្ងន់ ៣៥.៦ ៤ ក្រាម។
សរុបសារធាតុញៀនទាំងអស់ ទម្ងន់សុទ្ធ ៥ គីឡូ ៥៧២.៥០ ក្រាម ។ នឹងកញ្ឆាក្រៀម ៤ គីឡូ ៥៤២ ក្រាមសារធាតុផ្សំ ១៣ គីឡូក្រាម ។ ក្នុងនោះសមត្តកិច្ចក៏បានធ្វើការការដកហូត នូវឧបករណ៍កែច្នៃមួយចំនួនធំទៀត ៕
ដោយ ៖ រ៉ារ៉ា