ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាមនៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដា្ឋននគរបាលជាតិបានឱ្យដឹងថា រយៈពេលថ្មីៗកន្លងមកនេះ មានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនបានធ្វើការ ផ្សព្វផ្សាយព័ត៌មានស្តីពីការចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាមនៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ដោយបានធ្វើឱ្យប៉ះពាល់បរិយាកាសនិងចិត្តសាស្ត្រសង្គម ព្រមទាំងធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណមតិជាតិ អន្តរជាតិជាច្រើន។ ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនថា ៖

   បន្ទាប់ពីទទួលបានព័ត៌មានអកុសលខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចង្អុលដឹកនាំអង្គភាពជំនាញឱ្យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មានខាងលើជាព័ត៌មានប្រឌិតដែល រៀបចំដោយឈ្មោះ LI YA YUAN LUN ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ (ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ បីធនកម្ពុជា-ចិន រាជធានីភ្នំពេញ) និងអ្នកពាក់ព័ន្ធចំនួន០៣នាក់ទៀតដែលក្នុងនោះ មាន៖

១.ឈ្មោះ LI YA YUAN LUN ដែលអះអាងថាជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយក៏បានទាក់ទងមនុស្សមួយក្រុមដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។

២.អ្នកពាក់ព័ន្ធចំនួន០៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។

   បច្ចុប្បន្ន ឈ្មោះ LI YA YUAN LUN និងអ្នកពាក់ព័ន្ធចំនួន០៣នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

   ក្នុងនាមអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានសារព័ត៌មាន និង ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណមតិជាតិ អន្តរជាតិ។ ទន្ទឹមគ្នានេះ យើងខ្ញុំក៏មានសំណូមពរដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ គប្បីគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសចៀសវាងធ្វើការសន្និដ្ឋានហេតុការណ៍ណាមួយដោយអត្តនោម័ត ពុំមានភស្តុតាងច្បាស់លាស់ នាំឱ្យប៉ះពាល់ដល់បរិយាកាសសង្គម និង បង្កឲ្យមានភាពភ័យខ្លាចដល់ទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសនៅកម្ពុជា។

   សេចក្តីប្រកាសខាងលើ សូមសាធារណជន សារព័ត៌មានជាតិ អន្តរជាតិ និងអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់ជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖