ខេត្តមណ្ឌលគិរី៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា មានករណីប្លន់សម្លាប់មួយករណីបានកើតឡើងទៅលើជនរងគ្រោះដែលជាស្រ្តីមានឈ្មោះ វេង ភា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចអង្រ្ទងសែនជ័យ ស្ថិតក្នុងភូមិពូជ្រីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២នេះ។
ប្រភពដដែលបន្តថា ជនសង្ស័យដែលជាឃាតកមានឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិចំណុចកើតហេតុខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តក្រចេះធ្វើការចាប់ខ្លួនបាននៅខេត្តក្រចេះ។
ក្នុងករណីនៃអំពើប្លន់សម្លាប់ទៅលើជនរងគ្រោះខាងលើនេះ យោងតាមរបាយការណ៍របស់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តមណ្ឌលគិរីបានបញ្ជាក់ថា៖ (ឃាតក)ដែលជាជនសង្ស័យបានប្រើអង្រែឈើនិងដែកជើងជ្រូកធ្វេីសកម្មភាពវាយសម្លាប់ជនរងគ្រោះ ប៉ុន្តែពេលនោះដោយខ្លាចជនរងគ្រោះមិនទាន់ស្លាប់ ជនសង្ស័យបានយកកាំបិតបុ័ងតោទៅអារ.កសម្លាប់ជនរងគ្រោះថែមទៀតតែម្តង។
ក្រោយកេីតហេតុយោងតាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី លើសពជនរងគ្រោះឃើញមានស្លាកស្នាមចំនួន១០កន្លែងនៅលើដងខ្លួនរបស់សាកសពស្រ្តីរងគ្រោះ។
ដោយឡែកស្រ្តីរងគ្រោះត្រូវឃាតកប្លន់សម្លាប់យកទ្រព្យសម្បត្តិរួមមាន៖ ខ្សែដៃមាស១ខ្សែទម្ងន់៥ជី, ចិញ្ចៀនមាស១វង់ទម្ងន់៣ជី,ខ្សែដៃផ្លាទីន១ខ្សែទម្ងន់៥ជី ,ប្រាក់រៀល៥.០០០.០០០រៀល ,ទូរស័ព្ទ១គ្រឿងម៉ាកOPPO, និងចិញ្ចៀនស្នែងតេស១វង់។
បច្ចុប្បន្នឃាតករូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តមណ្ឌលគិរីកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ៖សហការី