ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិភាក្សារវាងរុស្ស៊ីនឹងអ៊ុយក្រែនចាប់ផ្តើមហើយ តែទីតាំងត្រូវបានរក្សាការសម្ងាត់ដោយបញ្ហាសន្តិសុខ

ចែករំលែក៖

ក្រសួងការបរទេសរុស្ស៊ីនិងអ៊ុយក្រែនបានប្រកាសថា ជំនួបពិភាក្សារវាងប្រទេសទាំងពីរបានចាប់ផ្តើមឡើងហើយនៅតំបន់ព្រំដែនប្រទេសអ៊ុយក្រែន និងបេឡារូស ប៉ុន្តែទីតាំងត្រូវបានរក្សាការសម្ងាត់ដោយបារម្ភពីសន្តិសុខ។
ប្រធានគណៈប្រតិភូពិភាក្សារបស់អ៊ុយក្រែនរួមមានរដ្ឋមន្ត្រីការពារជាតិ លោក Oleksiy Reznikov រដ្ឋលេខាធិការក្រសួងការបរទេស លោក Mykola Tochytskyi ។ ចំណែកភាគីរុស្ស៊ីវិញមានជំនួយការផ្ទាល់របស់ប្រធានាធិបតី គឺលោក Vladimir Medinsky សមាជិករដ្ឋសភារុស្ស៊ី លោក Leonid Slutsky ។ រដ្ឋមន្ត្រីការបរទេសបេឡារូស លោក Vladimir Makei បានអបអរសាទរដល់គណៈប្រតិភូប្រទេសទាំងពីរដែលបានចូលរួមតុចរចា។ ភាគីបេឡារូសបានសន្យាថា ភាគីទាំងពីរនឹងមានសុវត្ថិភាពក្នុងការចូលរួមកិច្ចពិភាក្សានេះ។
ទីតាំងនៃជំនួបពិភាក្សាត្រូវបានរក្សាជាសម្ងាត់ ។ កន្លងមកមានព័ត៌មានថា ភាគីទាំងពីរនឹងពិភាក្សានៅតំបន់ព្រំដែនជិតដងទន្លេ Pripyat តំបន់ Gomel ប្រទេសបេឡារូស៕ ដោយ៖ធីរីណា

គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅបេឡារុស្ស។ រូបថត៖ Tass


ចែករំលែក៖